ទីបំផុត! ទេព បូព្រឹក្ស សម្រេចចិត្តប្តឹងបុរសជះស្រាបៀរដាក់នាង និងបុគ្គលពាក់ព័ន្ធ៣នាក់ទៀត ដោយទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ

December 26, 2018 124

ភ្នំពេញ ៖ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងរបស់ផលិកម្មរស្មីហង្សមាស បានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ អំពីករណីបុរសម្នាក់ បានជះស្រាបៀរលើរូបនាង ខណៈនាងកំពុងច្រៀង នៅភោជនីយដ្ឋាន “សមុទ្រ” ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀហៃ របស់ប្រទេសកូរ៉េ នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានដាក់ពាក្យបណ្តឹងហើយនោះ កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា រូបនាងបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូប រួមមាន៖ បុរសដែលបានជះស្រាបៀរមកលើនាង ដែលគេមិនស្គាល់ឈ្មោះ ម្ចាស់ហាង “សមុទ្រ” និងអ្នករៀបចំកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀហៃ និងស្ត្រីម្នាក់ទៀត ដែលគាត់បានអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀង មកលើអ្នករាំរបស់ខ្លួនចំនួន៣កំផ្លៀងពេញទំហឹង ហើយកញ្ញា ទេព បូព្រឹក្ស បានទាមទារសំណងជំងឺចិត្ត ចំនួន១០ម៉ឺនដុល្លារ និងឲ្យជនបង្កដែលជះស្រាបៀមកលើរូបនាង សូមទោសជាសារធារណៈដោយធ្វើសន្និសីទកាសែតផងដែរ។

កញ្ញាបន្តទៀតថា ចំពោះសំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិកនេះ នឹងត្រូវយកទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា ហើយនិងតារាចាស់ៗ ដែលគាត់គ្មានការងារធ្វើ នេះបើតាមការបញ្ជាក់បន្ថែមពីកញ្ញា ទេព បូព្រឹក្ស។

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ជះស្រាបៀរដាក់រូបនាង នៅចំណុចភោជនីយដ្ឋាន “សមុទ្រ” នៅតាមបណ្ដោយផ្លូវ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

Loading...