លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចដ៏ភ្ញាក់​ផ្អើលមួយ ដើម្បីសួរសុខទុក្ខ​កងទ័ព​អាមេរិក ប្រចាំ​ប្រទេស​អ៊ីរ៉ាក់

December 27, 2018 57

វ៉ាស៊ីនតោន ៖ ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បានបំពេញ​ដំណើរទស្សនកិច្ចដ៏ភ្ញាក់​ផ្អើលមួយ ដើម្បីសួរសុខទុក្ខ​កងទ័ព​អាមេរិកប្រចាំ​ប្រទេស​អ៊ីរ៉ាក់ នៅថ្ងៃពុធ​សប្ដាហ៍នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ​​បន្ទាប់ពីលោកបាន​ប្រកាសដកទ័ពចេញពី​ប្រទេស​ស៊ីរី។

នេះគឺជាដំណើរ​ទស្សនកិច្ចជាលើក​ដំបូងរបស់លោក ដូណាល់ ត្រាំ មកកាន់​ប្រទេស​អ៊ីរ៉ាក់ អស់រយៈពេលជា២ឆ្នាំមកនេះ នៃអាណត្តិជាប្រធានាធិបតី​របស់លោក។ ប៉ុន្តែមជ្ឈដ្ឋាន​ខ្លះ មើលឃើញថា លោក ត្រាំ មានបំណងប្រើបា្រស់​ដំណើរទស្សនកិច្ច​នេះ ដើម្បីស្ដារ ប្រជាប្រិយភាព​ឡើងវិញក្រោយបាន​បង្កភាពចម្រូងចម្រាស់​ ជុំវិញការសម្រេចចិត្ត​ដកកងទ័ព​អាមេរិកជាង ២,០០០នាក់ ចេញពី​​ប្រទេស​ស៊ីរី និងបន្ទាប់ពី​លោកបានបង្ខំឲ្យរដ្ឋមន្ត្រី​ការពារជាតិ​លោក ចេមស៍ ម៉ាត់ទីស (James Mattis) ​ចុះចេញពីតំណែង​មុនកាលកំណត់​ ដោយសារតែហ៊ានរិះគន់គោល​នយោបាយ​របស់​លោក។

លោក ដូណាល់ ត្រាំ បានធ្វើដំណើរ​ទៅកាន់ប្រទេសអ៊ីរ៉ាក់​ ជាមួយជំទាវទីមួយ ​លោកស្រី មេឡានៀ ត្រាំ (Melania Trump) និងថ្លែងសុន្ទរកថា នៅឯ​មូលដ្ឋានទ័ព​អាកាស អាល់ អាសេដ (Al Asad Air Base) ស្ថិតនៅខាងលិច​ទីក្រុងបាកដាដ។ នា​ឱកាសនោះ ប្រធានាធិបតី​អាមេរិករូបនេះនៅ តែការពារ​ការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ព​ចេញពី​ស៊ីរី​ដោយ​សំអាងថា ISIS ត្រូវបាន​កម្ចាត់។ លោក ត្រាំ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «វត្តមានរបស់​យើងនៅក្នុង​ប្រទេសស៊ីរី មិនមែនមាន​កាលកំណត់​នោះទេ ហើយ​មិនមាន​លក្ខណៈ​អចិន្ត្រៃយ៍ដែរ... ដូច្នេះកងទ័ព​របស់យើងអាច​ត្រឡប់ទៅផ្ទះ ជួប​ជុំគ្រួសារ​របស់ពួក​គេវិញ»។​

គួរបញ្ជាក់ថា លោក​ ដូណាល់ ត្រាំ បានចំណាយ​ពេលត្រឹមតែ ០៣ម៉ោង​ក្នុងការសំណេះសំណាល​ជាមួយកងទ័ពអាមេរិក ​ហើយបាន​បន្តដំណើរទៅសួរសុខទុក្ខ​កងទ័ពអាមេរិកក្នុង​ប្រទេស​អាល្លឺម៉ង់។ ម្យ៉ាងវិញទៀត បើតាមការគ្រោង​លោកត្រូវជួបជាមួយ​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​លោក អាប់ឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) ប៉ុន្តែនៅចុងបញ្ចប់មេដឹកនាំ​ទាំងពីរ បានត្រឹមជជែក​គ្នាតាមទូរស័ព្ទ​ប៉ុណ្ណោះ៕

Loading...