យោធាម៉ិចស៊ីកូ​ កំពុងគ្រប់គ្រងរោងចក្រ​ជាច្រើន របស់ក្រុមហ៊ុន​ប្រេងរដ្ឋ Pemex ខណៈការផ្គត់ផ្គង់​ប្រេងឥន្ធនៈ ក្នុងប្រទេសកំពុងជាប់គាំង

January 08, 2019 98

ម៉ិចស៊ីច ៖ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា យោធាម៉ិចស៊ីកូ​ បានគ្រប់គ្រងរោងចក្រ​ជាច្រើន របស់ក្រុមហ៊ុន​ប្រេងរដ្ឋ Pemex នៅក្នុងទីក្រុងគូលៀខេន (Culiacan) និង សាឡាមែនកា (Salamanca) ខណៈការផ្គត់ផ្គង់​ប្រេងឥន្ធនៈនៅតាមផ្នែកខ្លះ ​នៃប្រទេសម៉ិចស៊ីកូ​កំពុងជាប់គាំង​ ដោយសារតែការលួច​ប្រេងឥន្ធនៈពីសំណាក់​ក្រុម​ឧក្រិដ្ឋ​ជន។

នៅក្នុងទីក្រុង Salamanca ការត្រួតពិនិត្យលើ​បុគ្គលិករោងចក្រចម្រាញ់​ប្រេងទាំងអស់ ត្រូវបានធ្វើឡើង មុននឹងអនុញ្ញាតឲ្យពួកគេចូល និងចេញពីរោង​ចក្រហើយមិនតែ​ប៉ុណ្ណោះបុគ្គលិក ឬកម្មករនៅ​ក្នុងរោងចក្រទាំងនេះ​ ក៏ត្រូវបានហាមឃាត់​ប្រើប្រាស់ទូរស័ព្ទ​ដៃផងដែរ ដើម្បីទប់ស្កាត់ការ​ទំនាក់ទំនងទំាង​ឡាយ ជាមួយក្រុមឧក្រិដ្ឋជន​ជំនាញខាង​លួចប្រេង។ ដោយឡែក​នៅឯទីក្រុង Culiacan យោធាម៉ិចស៊ីកូ​បានគ្រប់គ្រង រាល់រោងចក្រ​ចម្រាញ់ប្រេងនៃ​ក្រុមហ៊ុន Pemex ហើយថាពួកគេអាច​នឹងត្រូវប្រើពេល​មួយខែ ក្នុងការរក្សា និងស្ដារសុវត្ថិភាព​នៅតាមរោង​ចក្រប្រេងឡើង​វិញ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយនៅ​ក្នុងស្រុក ការផ្គត់ផ្គង់ប្រេង​ឥន្ធនៈត្រូវបានរំខាន ឬជាប់គាំង នៅតាមស្ថានីយ​ឥន្ធនៈនៅក្នុងរដ្ឋ​ចំនួន៦ ហើយព្រមពេល​ជាមួយគ្នា ប្រធានាធិបតីម៉ិចស៊ីកូ​ទើបកាន់តំណែង​ថ្មីថ្មោង លោក អេនដ្រែស ម៉ានូអែល ឡូពែស អូប្រាដ័រ (Andres Manuel Lopez Obrador) បានត្រឹម និយាយថា រដ្ឋាភិបាលនឹងផ្លាស់​ប្ដូរប្រព័ន្ធផ្គត់ផ្គង់ប្រេង​បច្ចុប្បន្ន​សំដៅបញ្ចៀសការលួចប្រេង ស្របពេលអ្នកប្រើប្រាស់​យានយន្ដ​ជាច្រើន កំពុងខឹង​សម្បារ​យ៉ាងខ្លាំង៕

Loading...