អ៊ីរ៉ង់​ ចាប់ឃុំខ្លួនពលរដ្ឋអាមេរិក​ម្នាក់ ជាលើកដំបូង​ ក្នុងអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ

January 10, 2019 42

តេហេរ៉ង ៖ រដ្ឋាភិបាលអ៊ីរ៉ង់​ បានទទួល​ស្គាល់ថា ពិតជាបានចាប់ឃុំខ្លួនពលរដ្ឋអាមេរិក​ម្នាក់ ជាលើកដំបូង​បំផុត ក្នុងអាណត្តិប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ខណៈបច្ចុប្បន្ន​ជនជាតិអាមេរិក ៣នាក់ផ្សេងទៀត កំពុងជាប់ឃុំ​នៅអ៊ីរ៉ង់​ស្រាប់។

យោងតាមក្រសួង​ការបរទេសអ៊ីរ៉ង់ អតីតសមាជិកកង​នាវាអាមេរិក លោក ម៉ៃឃើល វ៉ាយត៍ (Michael R White) មានអាយុ ៤៦ឆ្នាំ ត្រូវបានឃាត់ខ្លួន និងបញ្ជូន ទៅកាន់​ពន្ធនាគារ​ក្នុងទីក្រុង ម៉ាហ្សេដ (Mashhad) នៃភាគឦសានប្រទេសអ៊ីរ៉ង់នាពេលថ្មីនេះ ប៉ុន្តែអាជ្ញាធរអ៊ីរ៉ង់មិនបាន​បញ្ជាក់ពីមូលហេតុ នៃការចាប់ខ្លួនពលរដ្ឋអាមេរិក​រូបនេះទេ រីឯមន្ត្រីអាមេរិក​វិញបានទទួលដំណឹងពីការចាប់​ខ្លួននេះហើយ។

ដោយឡែក​ម្ដាយរបស់លោក White គឺអ្នកស្រី ចូអាន វ៉ាយត៍ (Joanne White) ក៏បានអះអាង​ដែរថា កូនរបស់លោកស្រីបាន​បាត់ខ្លួនក្នុងប្រទេស​អ៊ីរ៉ង់ តាំងតែពី​ខែកក្កដា ឆ្នាំ២០១៨ មកម្ល៉េះ អំឡុងពេល​ទៅសួរសុខ​ទុក្ខមិត្តស្រី ហើយបើតាម​ការគ្រោងទុក លោក​ត្រូវត្រឡប់មកកាន់សហរដ្ឋអាមេរិកតាម​ទីក្រុងឌូបៃ តាំងតែពីថ្ងៃទី២៧ ខែកក្កដាឯណោះ។

លោកស្រី​បន្ថែមទៀតថា ខ្លួនមិនបានដឹងឡើយ​ពីបទចោទប្រកាន់ប្រឆាំង​នឹងលោក White ប៉ុន្តែលោកស្រីបានបញ្ជាក់​ថា លោក White ធ្លាប់បានធ្វើដំណើរទៅកាន់ ប្រទេសអ៊ីរ៉ង់ពី ៥ ឬ ៦ដងរួចមកហើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មិនបានរក្សា​ទំនាក់ទំនងការទូតជាមួយ​នឹងគ្នាឡើយ ដូច្នេះរាល់ការទំនាក់ទំនង​រវាងប្រទេសទាំងពីរ ត្រូវធ្វើឡើងតាមរយៈប្រទេស​ស្វីស។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩៕

Loading...