រដ្ឋបាលប្រធានាធិបតី ត្រាំ ចងឪឲ្យប្រធានាធិបតីប្រេស៊ីល​ថ្មី អាចរួមដៃគ្នា​ទប់ទល់​ឥទ្ធិពល​ចិន នៅ​អាមេរិកឡាទីន

January 10, 2019 63

វ៉ាស៊ីនតោន ៖ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា រដ្ឋបាលប្រធានាធិបតី​អាមេរិក ​លោក ដូណាល់ ត្រាំ បានបង្ហាញក្ដី​សង្ឃឹមយ៉ាងមុតមាំថា ប្រធានាធិបតីប្រេស៊ីល​ថ្មី គឺលោក ហ្សៃ បូលសូណារ៉ូ (Jair Bolsonaro) អាចនឹង​ចូលរួមជាមួយ​ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ការពង្រីក​ឥទ្ធិពលរបស់ចិន នៅតំបន់អាមេរិកឡាទីន។

លោក Bolsonaro ដែលត្រូវបាន​គេហៅថា «ដូណាល់ ត្រាំ ប្រេស៊ីល» បានឡើងស្បថ​កាន់តំណែងជា​ប្រធានាធិបតី​ កាលពីថ្ងៃអង្គារ ទី០១ ខែមករា ឆ្នាំ២០១៩ ក្រោយឈ្នះ​នៅក្នុងការបោះឆ្នោត​សកល​ ជាមួយសំឡេង​គាំទ្រ ៥៥ភាគរយ។ ម្យ៉ាងវិញទៀត ភ្លាមៗក្រោយ​ឡើងស្បថ​កាន់​តំណែង លោក Bolsonaro បាន​ប្រកាសថា លោកនឹងរំដោះប្រេស៊ីល​ចេញពី​របត់សង្គមនិយម ហើយការ​លើកឡើងបែប​នេះ ទទួលបានការចាប់​អារម្មណ៍យ៉ាង​ខ្លាំងពី​សំណាក់លោក ដូណាល់ ត្រាំ ដែល​កំពុងចង់​បានប្រេស៊ីលជាដៃគូ ដើម្បីប្រជែង​ឥទ្ធិពលជាមួយចិន​នៅក្នុងតំបន់ ហើយលោក ត្រាំ បានសង្កត់​ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹង​នៅក្បែរ​ប្រេស៊ីលជានិច្ច។

លើសពីនេះ​ទៅទៀត គោលបំណង​របស់​សហរដ្ឋអាមេរិក ចង់សហការជា​មួយប្រេស៊ីល​ប្រឆាំងចិន បានបង្ហាញកាន់តែ​ច្បាស់ក្រោយអតីត​អគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការ​សហប្រជាជាតិ លោកស្រី នីកគី ហាឡេយ (Nikki Haley) បានសរសេរ​សារអបអរ​ទៅកាន់​លោក Bolsonaro។ លោក​ស្រី Haley បានគូស​បញ្ជាក់ត្រង់ៗ​នៅលើ Twitter យ៉ាងដូច្នេះថា «វាគឺជារឿង​ដ៏អស្ចារ្យមួយ ដែលសហរដ្ឋអាមេរិក​មានមិត្តថ្មីជាមេដឹកនាំ​ម្នាក់នៅក្នុងតំបន់ អាមេរិក​ឡាទីន ដែលនឹង​ចូលរួមជាមួយ​យើង ក្នុងការតស៊ូប្រយុទ្ធជា​មួយរបបផ្ដាច់ការ​នៅ​វេណេសស៊ុយអេឡា និងគុយបា... ព្រមទាំងទប់ស្កាត់​ឥទ្ធិពលរបស់​ទីក្រុងប៉េកាំង​នៅក្នុងតំបន់ ព្រោះគាត់ដឹង​យ៉ាងច្បាស់ពី​ឥទ្ធិពលដ៏គ្រោះថ្នាក់​របស់ចិន»។

តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញខ្លះ​បានមើលឃើញថា វោហាស័ព្ទប្រឆាំង​ចិនរបស់លោក Bolsonaro វាគ្រាន់តែជា​ទ្រឹស្ដីមួយតែប៉ុណ្ណោះ និងមិនអាចយក​មកអនុវត្តន៍​ជាក់ស្ដែងឡើយ ដ្បិតបច្ចុប្បន្ន​ចិនគឺជាដៃគូ​វិនិយោគដ៏ធំរបស់ប្រេស៊ីល ហើយក៏ជាសមាជិក​នៃអង្គការ BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង) ជាមួយចិន​ផងដែរ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្ម​រវាងប្រេស៊ីល និងចិនមានទំហំ ៧៥ពាន់លានដុល្លារ​កាលពីឆ្នាំ២០១៧ ហើយវា​បានកើនដល់ ១០០ពាន់លាន​ដុល្លារឯណោះ​ កាលពី​ឆ្នាំ២០១៨។ ចំណែកឯ ការនាំចេញ​របស់ប្រេស៊ីលទៅកាន់​ប្រទេសចិន មាន ៦៦.៦ពាន់លានដុល្លារ ពោលគឺកើនឡើង ៣២ភាគរយ​បើធៀបទៅ​នឹងឆ្នាំមុនៗ ហើយចិនវិញ​ក៏បានវិយោគប្រាក់​ជាង ១២៤ពាន់​លានដុល្លារ​នៅក្នុងប្រទេសប្រេស៊ីល​ចាប់តាំងពីឆ្នាំ​២០០៣ លើវិស័យ​ប្រេង រ៉ែ និងថាមពល៕

Loading...