លោក នីកូឡាស់ ម៉ាឌូរ៉ូ ស្បថឡើង​កាន់តំណែង​ជាផ្លូវការ ខណៈ​ប្រទេស​កំពុងគ្រប​ដណ្តប់​​ដោយទណ្ឌកម្ម​​

January 11, 2019 8

ការ៉ាកាស់ ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតី​វេណេស៊ុយអេឡា​ បាន​ចាប់ផ្តើមអាណត្តិ​កាន់អំណាចថ្មី នាថ្ងៃ​​ព្រហស្បតិ៍​សប្តាហ៍នេះ ចំពោះ​មុខវិបត្តិសេដ្ឋកិច្ច និងភាពឯកោកាន់តែខ្លាំង ខណៈដែល​បណ្តាមេដឹកនាំ​ភាគច្រើន​ ដែល​​ស្ថិត​ក្នុង​​តំបន់​ជាមួយ​គ្នា បានប្រកាស​មិនទទួលស្គាល់ភាព​ស្របច្បាប់ នៃការជាប់ឆ្នោត​ក្នុងអាណត្តិ​ទីពីរ​​របស់លោក។

មេដឹកនាំសង្គម​និយមវ័យ ៥៦ឆ្នាំ រូបនេះ​បានស្បថបន្តចូលកាន់តំណែង​​ក្នុងអាណត្តិថ្មី នៅចំពោះមុខ​​ប្រធានតុលាការ​កំពូល​ ​​នៃប្រទេស​វេណេស៊ុយអេឡា​បន្ទាប់ពីទទួល​ជ័យជម្នះកាលពី​ខែឧសភា ឆ្នាំ២០១៨ នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ដែល​បាន​ទទួល​រង​​ការរិះគន់​ពីសំណាក់​សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការ​នៃបណ្តាប្រទេសក្នុងទ្វីប​អាមេរិក​ទាំងមូល (OAS)។

គួរជម្រាបថា លោក ម៉ាឌូរ៉ូ បានឡើងកាន់អំណាច​ដំបូងជាប្រធានាធិបតី​វេណេស៊ុយអេឡា បន្តពីអតីត​មេដឹកនាំ លោក ហ៊ូហ្គោ ឆាវែស (Hugo Chavez) កាលពីខែមីនា ឆ្នាំ២០១៣ ហើយសម្រាប់​អាណត្តិថ្មីនេះ លោកបានប្តេជ្ញាបន្ត​ការពារឯករាជ្យភាព​​ក៏ដូច​ជា​បូរណភាពទឹកដី​នៃប្រទេសរបស់លោក​តទៅមុខ ៦ឆ្នាំទៀត បើទោះបីជា​អាមេរិក និងសម្ព័ន្ធមិត្ត​នៅតែបន្តរិះគន់ថា រដ្ឋាភិបាលនេះ​ខុសច្បាប់ និង​បន្តដាក់ទណ្ឌកម្ម​​ច្រើនឡើងៗ​ក៏ដោយ៕

Loading...