សម្តេចតេជោ ប្រាប់សមាជិកសភាប្រទេសមកពីអឺរ៉ុបថា ការប្រើទណ្ឌកម្មដោយដកប្រព័ន្ធអនុគ្រោះពន្ធ ជាការបង្កើតកំហុសទី៣ លើកម្ពុជា

January 12, 2019 119

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់សមាជិកសភាប្រទេសអៀកឡង់ ដែលជាប្រទេសសមាជិកសហគមអឺរ៉ុបថា កុំព្យាយាមបង្កើតកំហុសជាលើកទី៣មកដល់ប្រទេសកម្ពុជា តាមរយៈការដាក់ទណ្ឌកម្មដោយដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទង្វើរបស់សហគមន៍អឺរ៉ុប កំពុងយកប្រជាពលរដ្ឋខ្មែរជាង ១៦លាននាក់ទៅធ្វើជាចំណាប់ខ្មាំង។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងបែបនេះក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក អេនដា ផាទ្រីក ខេននី (Enda Patrick Kenny) សមាជិកសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋអៀកឡង់ ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ច្រើនពីទុក្ខលំបាករបស់ប្រទេសកម្ពុជាពីអតីតកាលទម្រាំនឹងឈានមកដល់ដំណាក់កាលមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់សមាជិកសភាប្រទេសអៀកឡង់ថា សហគមន៍អឺរ៉ុបមិនគួរសាងកំហុសជាលើកទី៣មកលើប្រទេសកម្ពុជានោះឡើយ។ កំហុសលើកទី៣របស់អឺរ៉ុប ដែលសម្តេចសម្តៅដល់នោះ គឺការព្យាយាមប្រើយន្តការដកប្រព័ន្ធអនុគ្រោះពន្ធទំនិញរបស់កម្ពុជានាំទៅកាន់សហគមន៍អឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មលើកម្ពុជា។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សហគមន៍អឺរ៉ុបធ្លាប់បានសាងកំហុសមកលើប្រទេស និងប្រជាជនកម្ពុជាចំនួនពីរលើករួចមកហើយ។ កំហុសទាំងពីរនោះ ទី១. គឺការគាំទ្រឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ និងកំហុសទី២. គឺការគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិរហូតដល់ទៅជាង ១២ឆ្នាំ ដោយធ្វើមើលមិនឃើញពីទុក្ខវេទនា និងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរក្នុងរបបមួយនេះ។

សូមបញ្ជាក់គណៈកម្មការអឺរ៉ុបកំពុងតែពិចារណាក្នុងដកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា ក្រោយការចោទថា កម្ពុជារំលោភសិទ្ធិមនុស្ស និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដើរថយក្រោយ។ រាជរដ្ឋាភិបាលកម្ពុជា បានច្រានចោល និងពន្យល់ជាច្រើនលើកមកហើយទៅលើការចោទប្រកាន់របស់គណៈកម្មការអឺរ៉ុបនេះ ហើយក៏កំពុងបន្តពិភាក្សាជាមួយប្រទេសក្នុងតំបន់អឺរ៉ុបលើបញ្ហានេះផងដែរ។

ទោះយ៉ាងណាអស់រយៈពេលជាច្រើនខែមកហើយមិនទាន់មានលេចឮព័ត៌មានអ្វីថ្មីជុំវិញការដកប្រព័ន្ធអនុគ្រោះពន្ធនេះនៅឡើយទេ ហើយមកដល់ឆ្នាំ២០១៩នេះ ទំនិញកម្ពុជានៅតែបន្តនាំទៅកាន់អឺរ៉ុបក្រោមប្រព័ន្ធអនុគ្រោះពន្ធដដែល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងជំនួបជាមួយអ្នកព័ត៌មាន បានបង្ហើបឲ្យដឹងថា កម្ពុជាកំពុងធ្វើការកែប្រែនូវលិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មមួយចំនួន ដើម្បីធានាថា ទោះបីមានប្រព័ន្ធអនុគ្រោះ ឬគ្មានប្រព័ន្ធអនុគ្រោះពន្ធកម្ពុជានៅតែអាចរស់បាន។

ក្នុងជំនួបពិភាក្សានាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណដល់លោកបណ្ឌិត ហាន់ដា ដែលបានជួយដល់កម្ពុជា​លើវិស័យអប់រំ។ ជាពិសេសផ្ដល់អាហារូបករណ៍ជាច្រើន ឲ្យនិស្សិតបានសិក្សានៅសាកលវិទ្យាល័យកម្ពុជា ក៏ដូចជាគម្រោងដទៃទៀត។

សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋអៀរឡង់ ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការផ្ដល់ជំនួយដល់សាលាក្តីខ្មែរក្នុងដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម៕

Loading...