ប៉ូលីសវៀតណាម ចាប់ខ្លួនបាតុករជាង ១០០នាក់ ក្រោយពីពួកគេនាំគ្នាវាយ នឹងដុតបំផ្លាញ ការិយាល័យរដ្ឋាភិបាល

June 11, 2018 142

Mវៀតណាម៖ ប៉ូលីសនៅក្នុងខេត្ត Binh Thuan បានប្រកាសថា បានឃាត់ខ្លួនមនុស្សចំនួន ១០២នាក់ និងកំពុងរង់ចាំការស៊ើបអង្កេតលើការបំផ្លិចបំផ្លាញ ទៅលើការិយាល័យរដ្ឋាភិបាលមូលដ្ឋាន កាលពី ថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ជួលដី ឲ្យវិនិយោគិនបរទេសរយៈពេល៩៩ឆ្នាំ នៅតំបន់សេដ្ឋ កិច្ចពិសេសចំនួន៣។

យោងតាមសារព័ត៌មានវៀណាមឈ្មោះ VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា បានឲ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យប៉ូលិសលោក Nguyen Van Nhieu បាននិយាយថា «មិនមានអ្នកស្លាប់ទេ ប៉ុន្តែមន្ត្រីប៉ូលីសរាប់សិបនាក់បានរងរបួស»។

អាជ្ញាធរបាននិយាយថា ក្រុមអ្នកតវ៉ារាប់រយនាក់បានវាយបំបែក ការិយាល័យរបស់ គណៈកម្មាធិការ ប្រជាជន នៅខេត្ត Binh Thuan កាលពីថ្ងៃអាទិត្យ ដោយបាតុករទាំងនោះបាននាំគ្នាដុតរថយន្ត បំផ្លាញ ទ្រព្យសម្បត្តិផ្សេងទៀត និងបានប៉ះទង្គិចជាមួយប៉ូលីសថែមទៀត។ ស្ថានភាពនេះត្រូវបានដោះស្រាយ នៅជិតពាក់កណ្តាលអធ្រាត្រ ដោយមានជំនួយពីកងកម្លាំងមកពីក្រសួងមហាផ្ទៃ។

ការបំផ្លិចបំផ្លាញការិយាល័យនេះ បានកើតឡើងនៅម៉ោងប្រហែល ៨យប់ហើយអាជ្ញាធរអាចត្រឹមតែ ឈរមើលនឹងភ្នែកតែប៉ុណ្ណោះ។

លោក Nguyen Trung Truc អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Tuy Phong បាននិយាយថា ក្រុមអ្នកតវ៉ាខ្លះបានគប់ដុំថ្មទៅលើរថយន្តសាធារណៈ។

លេខាគណៈកម្មាធិការបក្សខេត្ត Binh Thuan លោក Nguyen Manh Hung បានឱ្យដឹងថា រដ្ឋមិនហាមឃាត់មិនឱ្យប្រជាពលរដ្ឋបញ្ចេញមតិនោះទេ ប៉ុន្តែដំណើរការគួរតែស្ថិតនៅក្នុងក្របខ័ណ្ឌ ដែលត្រូវបានអនុញ្ញាតិ ហើយមិនគួររំលោភច្បាប់៕

Loading...