សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អំពាវនាវដល់ស្ដ្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឲ្យបានទៀងទាត់

January 23, 2019 40

ប៉ៃលិន ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ស្ដ្រីមានផ្ទៃពោះ សូមអញ្ជើញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឲ្យបានទៀងទាត់ ដើម្បីទទួលបាននូវសុវត្ថិភាព ទាំងខ្លួនជាម្ដាយ និងកូនក្នុងផ្ទៃ។

ការថ្លែងអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រារ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ចំនួន១,២៥១គ្រួសារ ដែលមកពី២ឃុំ និង២៥ភូមិ ដែលរស់នៅស្រុកសាលាក្រៅ ខេត្ដប៉ៃលិន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នាភូមិអូរកន្ធាងវ៉ា​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា «តាមទំលាប់របស់បងប្អូនយើងតាំងពីដើមឲ្យតែមានផ្ទៃពោះហើយ គឺច្រើនតែមិនទៅមន្ទីរពេទ្យពិនិត្យសុខភាពនោះទេ អ្នកខ្លះយកក្បួនតាមបុរាណ ទោះជាយ៉ាងក៏ដោយក៏ត្រូវមានការគួបផ្សំគ្នាដែរ។ ដូចនេះ ទោះមន្ទីរពេទ្យឆ្ងាយបន្ដិចពីផ្ទះយើងក្ដី ក៏ត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ព្រោះថាពាក្យឆ្លងទន្លេនេះ គឺគ្រោះថ្នាក់ណាស់ ទោះអ្នកខ្លះ មានកូនពីរ ឬបីនាក់រួចក្ដី តែបើយើងធ្វេសប្រហែស នោះកូនទី៤ អាចមានគ្រោះថ្នាក់ដល់ជីវិតក៏មាន»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងទៀតថា ដើម្បីជៀសវាងការគ្រោះថ្នាក់ផ្សេងៗ សូមស្ដ្រីមានផ្ទៃពោះ ត្រូវចេះស្រលាញ់សុខភាពខ្លួន និងកូនក្នុងផ្ទៃ ហើយត្រូវដឹងថា គ្មានអ្នកណាស្រលាញ់ និងដឹងសុខទុក្ខយើង ក្រៅពីខ្លួនយើងច្បាស់នោះទេ។

ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ សូមថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ, ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាមូលហេតុឲ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ សម្លាប់មនុស្ស ធ្វើឲ្យសង្គមស្អប់ខ្ពើម និងបំផ្លាញអនាគតរបស់ខ្លួន។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំណូមពរដល់ពលរដ្ឋ កុំប្រព្រឹត្ដល្បែងស៊ីសង ហើយចំពោះអ្នកកើតជំងឺអេដស៍ សូមកុំចម្លងដល់អ្នកដទៃ និងក្រុមគ្រួសារ។ រីឯអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យារជីវិតឲ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។ លើសពីនោះ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តយកចិត្ដទុក្ខដាក់ ព្យាយាមដោះស្រាយបញ្ហាជីវភាព និងតំរូវការនៃគ្រួសារនីមួយ ពិសេសសម្រាប់គ្រួសារ ដែលជួបឧបទ្ទវហេតុផ្សេងៗ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ព្រមជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងក្តីអាណិត​ស្រឡាញ់ពី​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ពីសុខទុក្ខរបស់ប្រជានុរាស្រ្តគ្រប់ពេលវេលា។

សូមជម្រាបថា​ ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានចែកអំណោយមនុស្សធម៌ ក្នុងគ្រួសារនីមួយៗទទួលបាន​៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត​ ជាអំណោយ​របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

Loading...