អបអរសាទរ ពិធីសំណេះសំណាល ជាមួយមន្រ្តីអនុរក្សពន្ធនាគារ និងពេទ្យមធ្យម ដែលប្រឡងជាប់ក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០១៨

January 24, 2019 142

ខេត្តស្វាយរៀង៖ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីអនុរក្សពន្ធនាគារ និងពេទ្យមធ្យម ដែលទើបបានប្រឡងជាប់ក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០១៨ សរុប ចំនួន ១៤ នាក់ នៅខេត្តស្វាយរៀង
នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩នេះ 
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរងខេត្តបានផ្តាំផ្ញើរនូវចំណុចសំខាន់ៗចំនួន១២ ដើម្បីជាមូលដ្ឋានក្នុងការបំពេញការងារដោយមានខ្លឹមសារថាៈ
១.ត្រូវអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា ការណែនាំ នឹងការចាត់តាំងរបស់ថ្នាក់ដឹកនាំ។
២.យកចិត្តទុកដាក់ការអនុវត្តតួនាទីភារកិច្ច កាតព្វកិច្ច សិលធម៌ និងអាកប្បកិរិយាអោយបានល្អប្រសើរ។

៣.ត្រូវមានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ។
៤.ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំអំពីកិច្ចការរបស់ខ្លួន និងអំពើដែលនាំអោយប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូកិត្តិយសរបស់ខ្លួន និងអង្គភាព។
៥.ត្រូវគោរពថានានុក្រមការងារ។
៦.ត្រូវមានអព្យាក្រឹតភាព ក្នុងអាជីពជាអ្នករាជការ នឹងហាមដាច់ខាតនូវការប្រើប្រាស់មុខងារនឹងតួនាទី ឫឋានៈរបស់ខ្លួន ឫសម្ភាររបស់រដ្ឋដើម្បីបម្រើ ឫប្រឆាំងសកម្មភាពនយោបាយណាមួយឡើយ។
៧.មិនត្រូវប្រើពេលម៉ោង ទ្រព្យសម្បត្តិរដ្ឋ ឥទ្ធិពល ឋានៈ តួនាទី និងមុខតំណែងដើម្បីស្វែងរកលាភសក្ការៈ ឫទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
៨.ត្រូវប្រកាន់នូវឥរិយាបទទាំង៤ គឺឆន្ទះម្ចាស់ការ ភក្តីភាព មសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។
៩.ត្រូវមានអាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូ និងម៉ឺងម៉ាត់ក្នុងការងារ។
១០.មិនត្រូវពិសារគ្រឿងស្រវឹងក្នុងម៉ោងធ្វើការ។
១១.រក្សាសាមគ្គីភាព មិត្តភាព ត្រូវចេះជួយយកអាសារគ្នាទៅវិញទៅមក។ 
១២.ត្រូវគោរពតាមប្រកាសលេខ២១៧ប្រក ចុះថ្ងៃទី៣១ ខែមិនា ឆ្នាំ១៩៩៥ និងត្រូវគោរពវិន័យអោយបាន ខ្ជាប់ខ្ជូន គឺមិនត្រូវមានការធ្វេសប្រហេស ពុករលួយ មិនគោរពភារកិច្ចរបស់ខ្លួនដោយមានចេតនា បណ្តាលអោយអ្នកទោសរត់គេចពីពន្ធនាគារ ឫកន្លែងឃុំឃាំងខុសច្បាប់ ឫរំលោភបំពានទៅលើច្បាប់និតិវិធី ផ្សេងៗ របស់ពន្ធនាគារ ឫបទបញ្ជាផ្ទៃក្នុងពន្ធនាគា ត្រូវទទួលវិន័យស្របទៅនឹងគោលនយោបាយរបស់ ក្រសួង និងត្រូវទទួលទណ្ឌកម្មទៅតាមច្បាប់ព្រមទាំងលិខិតបទដ្ឋាននានាជាធរមាន។

Loading...