ប្រធានាធិបតី ម៉ាឌូរ៉ូ សម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលវេណេស៊ុយអេឡាទាំងអស់​ នៅអាមេរិក

January 25, 2019 113

ការ៉ាកាស់ ៖ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្ស៊ូអេឡា បានសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលវេណេស៊ុយអេឡាទាំងអស់​ នៅ​សហរដ្ឋអាមេរិក ជាមួយការអះអាងថា នឹងមិនចាត់វិធានការប្រឆាំងនឹងមន្ត្រីទូតអាមេរិកដែល​កំពុងត្រៀមខ្លួនចេញពី​ទីក្រុងការ៉ាកាស់ឡើយ។

លោក ម៉ាឌូរ៉ូ ថ្លែងបែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់តុលាការកំពូលនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក ម៉ាឌូរ៉ូ បានលើក ឡើងដូច្នេះថា «ខ្ញុំបានសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលទាំងអស់របស់វេណេស៊ុយអេឡា នៅក្នុងសហរដ្ឋអាមេរិក...​ហើយមិនតែប៉ុណ្ណោះ ខ្ញុំក៏បានព្រមព្រៀងគ្នាផងដែរជាមួយប្រទេសម៉ិចស៊ីកូ និងអ៊ុយរ៉ាហ្កាយ ក្នុងការអំពាវនាវឱ្យមានកិច្ចសន្ទនា មួយឡើង»។

គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃពុធ បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងទុកពេល៧២ម៉ោងឱ្យមន្ត្រីទូតអាមេរិកទាំងអស់ចាកចេញពីវេណេស៊ុយអេឡា ដោយចោទថាទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមញុះញង់ឱ្យមានរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក តាមរយៈការប្រើប្រាស់គណបក្សប្រឆាំងជាឧបករណ៍៕

Loading...