
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើប ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មដាក់កាត់ទទឹងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញភ្នំពេញ ប៉ុន្តែមិនបង្កឲ្យអ្នកដទៃគ្រោះថ្នាក់នោះទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-8286 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុទីតាំងផ្លូវខាងលើ ទើបតែកាយដាក់ទុយយោទឹក ហើយក៏មានការលើរបាំងថ្មមកដាក់ពីមុខ ដើម្បីកុំមានការប៉ះពាល់ ប៉ុន្ដែរបាំងថ្មដែលដាក់នោះគ្មានដាក់ចំណាំងផ្លាតនឹងផ្លូវងងឹតផង ស្របពេលរថយន្តបើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុករបាំងថ្មចំពេញមួយទំហឹងបណ្ដាលឱ្យបែកខ្ទេចអស់ចំនួនបីកង់។
ចំណែករថយន្តវិញរងការខូចខាតខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច។ ភ្លាមៗនោះដែរអ្នកបើកបរមិនបាននៅកន្លែងកើតហេតុនោះទេ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ស្រមោលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕

