
មូស្គូ ៖ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា សមាជិកសភាបក្សប្រឆាំង និងជាអតីតមន្ត្រីជាន់ខ្ពស់ធនាគារកណ្ដាលវេណេស៊ុយអេឡា លោក ចូស ហ្គែរ៉ា (Jose Guerra) បានអះអាងថា «មាសសុទ្ធទម្ងន់ជាង ២០តោន» នៃប្រទេសរបស់លោកត្រូវបានគេដឹកជញ្ជូនតាមយន្ដហោះ ជាសម្ងាត់ទៅកាន់ប្រទេសរុស្ស៊ី។
លោក Jose Guerra ធ្វើការកត់សម្គាល់បែបនេះ នៅលើសារមួយបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Guerra បានគូសបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មានពីក្រុមមន្ត្រីធនាគារកណ្ដាលវេណេស៊ុយអេឡា (BCV) ថាយន្ដហោះមួយគ្រឿង មកទីពីទីក្រុងម៉ូស្គូបានដឹកជញ្ជូនមាសជាង ២០តោន ឬស្មើនឹង ២០ភាគរយនៃទ្រព្យសម្បត្តិ BCV ចេញពីប្រទេសវេណេស៊ុយអេឡា។ ដូច្នេះហើយយើងបានស្នើឱ្យ BCV បញ្ជាក់ថា មានរឿងអ្វីកើតឡើង»។
ក៏ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានច្រានចោលការអះអាងនេះ និងចាត់ទុកថាវាជារឿងមិនពិត ហើយលោកបានជម្រុញឱ្យសាធារណជនកុំស្ដាប់ពាក្យចចាមអារ៉ាមបែបនេះ ខណៈដែលប្រទេសវេណេស៊ុយអេឡាកំពុងតែវឹកវរដោយការលូកដៃរបស់សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរបបដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតីទើបស្បថឡើងកាន់តំណែងអាណត្តិថ្មី។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើត្រូវបានចេញផ្សាយមុនគេ ដោយសារព័ត៌មាន Bloomberg ហើយក្រោយមកត្រូវបានចុះផ្សាយជាបន្តបន្ទាប់ដោយសារព័ត៌មានដទៃៗជាច្រើន ជាមួយការអះអាងដូចៗគ្នាថា យន្ដហោះ Boeing 777 មួយគ្រឿងដែលផ្ទុក មនុស្ស ៤០០នាក់ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី បានចុះចតនៅឯអាកាសយានដ្ឋានមួយក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីហោះហើរដោយផ្ទាល់ចេញពីទីក្រុងម៉ូស្គូ៕

