Facebook និង Twitter លុបចោល​គណនីរាប់រយ​ដែលសង្ស័យថា​ ពាក់ព័ន្ធការពង្រីកឥទ្ធិពល​អ៊ីរ៉ង់ វេណេស៊ុយអេឡា និងរុស្ស៊ី

February 01, 2019 14

វ៉ាស៊ីនតោន ៖ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយថា បណ្ដាញទំនាក់ទំនង​សង្គមយក្ស​អាមេរិក Facebook និង Twitter ឲ្យដឹងថា ខ្លួនបានបិទ ឬលុបចោល​គណនី និង Pages រាប់រយ​ដែលសង្ស័យថា​ មានជាប់ពាក់ព័ន្ធនឹង​យុទ្ធនាការពង្រីកឥទ្ធិពល​របស់អ៊ីរ៉ង់ វេណេស៊ុយអេឡា និងរុស្ស៊ី។

ថ្លែងនៅលើប្លុក​មួយនៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ នាយក​គោលនយោបាយសន្តិសុខ​ព័ត៌មាន​វិទ្យារបស់ Facebook លោក ណាថានីញ៉ែល ឃ្លៃឆឺ (Nathaniel Gleicher) បានបញ្ជាក់ថា ក្រុមហ៊ុនបណ្ដាញ​ទំនាក់ទំនង​សង្គមមួយនេះ​បានលុបចោល ទំព័រ (pages), គណនី និង groups សរុបចំនួន ៧៨៣ ក្នុងនោះមាន​ជាប់ពាក់ព័ន្ធនឹង​អ៊ីរ៉ង់ក្នុងនោះមាន ២៦២ ជា Pages, ​៣៦៥ ជាគណនីបុគ្គល និង groups នានាចំនួន ០៣ ហើយក៏បូករួមទាំងគណនី​ចំនួន ១៦២ នៅលើ Instagram ផងដែរ។

លោក Gleicher បាន​បន្ថែមថា pages ទាំងអស់នេះ​បានចំណាយ​ប្រាក់ ៣០,០០០ដុល្លារ ក្នុងការផ្សាយពាណិជ្ជម្ម និងមានអ្នក Liked សរុបជាង ២លាននាក់។ ដោយឡែក​ជុំវិញ​វិធានការ​​ដូចគ្នានេះដែរ ក្រុមហ៊ុន Twitter បានបិទគណនី​ចំនួន ២,៦១៧ មានជាប់ពាក់ព័ន្ធ​នឹងអ៊ីរ៉ង់ ខណៈ ៤១៨ មកពីរុស្ស៊ី និង ១,៩៦០គណនីទៀត គឺនៅក្នុងប្រទេស​វេណេស៊ុយអេឡា។

គួរបញ្ជាក់ថា បើតាមលោក Gleicher គណនី និង Pages ដែលត្រូវបានបិទ និងលុបចេញភាគគឺសុទ្ធតែមានជាប់ទាក់ទិននឹង យុទ្ធនាការ​ពង្រីកឥទ្ធិពល​របស់ រុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡា ព្រមទាំងចូលរួម​ចំណែកលើកកម្ពស់​ព័ត៌មានមិនពិត និងមិនបង្ហាញ ឬបំភ័ន្ដ​ពីអត្តសញ្ញាណ​ពិតរបស់ខ្លួន៕

Loading...