នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញដាក់ឲ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក

February 01, 2019 8

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដាក់ឲ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក (E-passports) ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា ថ្ងៃនេះ ក្រសួងមហាផ្ទៃ បានដាក់ឲ្យដំណើរការ ប្រើប្រាស់ជាលើកដំបូងប្រព័ន្ធច្រកទ្វារអេឡិចត្រូនិច (E-gates) ដើម្បីឲ្យអ្នកធ្វើដំណើរតាមច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប ដែលជាប្រជាពលរដ្ឋខ្មែរ ចេញ-ចូលតាមអាកាសយានទាំង២នេះ ដោយមិនបាច់ទៅកាន់បញ្ជដែលមានមន្ត្រីអន្តោប្រវេសន៍ ធ្វើការដូចមួយសព្វមួយដងទេ ដោយសារប្រព័ន្ធនេះជាស្វ័យប្រព័ន្ធ ហើយប្រជាពលរដ្ឋ អាចដំណើរការដោយខ្លួនឯង ដោយមិនបាច់មានមន្ត្រីអន្តោប្រវេសន៍ លើកលែងតែមានឧបសគ្គខ្លះៗ ជាបច្ចេកទេស ទើបត្រូវការជំនួយពីមន្ត្រីនគរបាលអន្តោប្រវេសន៍។

នាយឧត្តមសេនីយ៍ បន្តថា ដំណើរការនៃម៉ាស៊ីននេះ មានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋយើង គឺគាត់ចំណាយពេលតិច លឿនរហ័ស ជាសេវាដែលធ្វើដោយខ្លួនឯង ហើយប្រព័ន្ធនេះបង្កលក្ខណៈងាយស្រួលច្រើន ដែលធ្វើឲ្យអ្នកដំណើរជាប្រជាពលរដ្ឋខ្មែរយើងសប្បាយរីករាយ ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ប្រព័ន្ធនេះមានផលប្រយោជន៍ ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋចេញ-ចូលបានលឿនរហ័ស ក៏បានជួយយើងគ្រប់គ្រងទិន្នន័យ​ នៅក្នុងប្រព័ន្ធមួយច្បាស់លាស់ ជាពេលមុនផងដែរ ទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្សេងៗ។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការដាក់ឲ្យដំណើរការម៉ាស៊ីនស្វ័យប្រព័ន្ធនេះ គឺអាចជួយដល់អង្គភាព ប៉ុស្តិ៍នគរបាលច្រកទ្វារទាំង២ (ប៉ុស្តិ៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប) បានច្រើន ព្រោះដោយសារអត់មានម៉ាស៊ីននេះ គឺអ្នកដំណើរពី២៥-៣០% នៃអ្នកដំណើររួម ដែលជាពលរដ្ឋខ្មែរ នឹងត្រូវកាន់មន្ត្រី ហើយមន្ត្រីយើងជាអ្នកពិនិត្យ រៀបចំនិងផ្តល់សេវាជូន ពេលគាត់ប្រើប្រាស់ម៉ាស៊ីននេះ  មន្ត្រីយើងអាចធូរស្រាលបាន២០-៣០% ដោយប្រជាពលរដ្ឋបានចំណាយពេល៥ទៅ៧វិនាទី សម្រាប់អ្នកដំណើរម្នាក់។

ក្នុងការដាក់ឲ្យដំណើរការម៉ាស៊ីននេះ ក៏មានបញ្ហាបន្តិតបន្តួច ដោយមានលិខិតឆ្លងដែន ១ឬ២ដែលម៉ាស៊ីនមិនអាន ហើយបណ្តាលមកពីលិខិតឆ្លងដែននោះមានបញ្ហាឈិប(Chip) ចាស់ពេក ឬសង្កត់បាក់ ។ល។ ហើយយើងក៏ត្រៀមបញ្ជរផងដែរ សម្រាប់អ្នកដំណើរដែលជួបបញ្ហាខាងលើផងដែរ។

អ្នកដែលប្រើលិខិតឆ្លងដែន (E-passport) គាត់ចូលទៅប្រើម៉ាស៊ីនតែម្តង គាត់ដាក់លិខិតឆ្លងដែនហើយ មានការណែនាំលើហ្នឹង ពេលគាត់ដាក់លិខិតឆ្លងដែនហើយ ត្រូវផ្តិតមេដៃ។ បើសិនទទួលស្គាល់ថា ក្រយ៉ៅដៃ និងលិខិតឆ្លងដែន របស់គាត់ត្រឹមត្រូវហើយ ទ្វារនឹងបើកឲ្យយើងដំណើរការចេញ-ចូលបាន។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អមដំណើរដោយ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញត្រួតពិនិត្យកន្លែងផ្តល់ទិដ្ឋាការ ច្រកទ្វារព្រំដែន ត្រូវមានភាពថ្លៃថ្នូរ ស្លៀកពាក់សណ្ឋានឲ្យបានសមរម្យ ខិតខំធ្វើការឲ្យបានខ្ជាប់ខ្ជួនបំពេញភារកិច្ចដែលខ្លួនទទួលខុសត្រូវ។

ដោយឡែក នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រជុំត្រួតពិនិត្យ នឹងដាក់ឲ្យដំណើរការនូវច្រកទ្វារ (E-gates) ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក (E-passports) ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរ។

ឆ្លៀតក្នុងឱកាសនោះដែរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញត្រួតពិនិត្យកន្លែងផ្តល់ទិដ្ឋាការ ច្រកទ្វារព្រំដែន នឹងបានណែនាំដល់មន្ត្រីទាំងអស់ត្រូវ ស្លៀកពាក់ឯកសណ្ឋានឲ្យបានសមរម្យ គោរពវិន័យ ខិតខំធ្វើការឲ្យបានខ្ជាប់ខ្ជួន បំពេញភារកិច្ចដែលខ្លួនទទួលខុសត្រូវ ធ្វើយ៉ាងណារក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូ កិត្តិយសរបស់ កងកម្លាំងនគរបាលជាតិ ព្រោះនៅអាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប មានភ្ញៀវអន្តរជាតិច្រើន៕

Loading...