អាមេរិក ​គ្មានផែនការដាក់​ពង្រាយមីស៊ីល នៅ​អឺរ៉ុបនោះទេ ក្រោយដកខ្លួនចេញ​ពីសន្ធិសញ្ញា​នុយក្លេអ៊ែរ INF

February 02, 2019 38

វ៉ាស៊ីនតោន ៖ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ បានផ្សាយថា មន្ត្រីជាន់ខ្ពស់​អាមេរិកម្នាក់ បាន​ឲ្យដឹងថា សហរដ្ឋអាមេរិក​គ្មានផែនការដាក់​ពង្រាយមីស៊ីល ឬប្រព័ន្ធអាវុធ​នុយក្លេអ៊ែរ នៅលើទឹកដី​អឺរ៉ុបនោះទេ នៅក្រោយដកខ្លួនចេញ​ពីសន្ធិសញ្ញា​នុយក្លេអ៊ែរ (INF) ជាមួយ​រុស្ស៊ី។

ការលើកឡើង​បែបនេះ របស់មន្ត្រីជាន់ខ្ពស់ផ្នែកប្រឹក្សានយោបាយ ប្រចាំ​ក្រសួងការពារ​ជាតិអាមេរិក លោក ដេវីដ ត្រាច់ថិនប៊ឺក (David Trachtenberg) ធ្វើឡើងនៅក្នុងវេទិកាមួយ​ នៅថ្ងៃសុក្រ​សប្ដាហ៍នេះ និងបន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ប្រកាសជា​ផ្លូវការ​ពីនីតិវិធី នៃការដក​សហរដ្ឋអាមេរិក ចេញ​ពីសន្ធិសញ្ញា INF។

លោក Trachtenberg បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «គ្មានឡើយ​ផែនការ... ដាក់ពង្រាយ ឬបញ្ជូន​ប្រព័ន្ធ​មីស៊ីល ឬក៏អាវុធនុយក្លេអ៊ែរ​ទៅកាន់ទ្វីបអឺរ៉ុប ហើយស្ថានភាព​បច្ចុប្បន្ន​ក៏មិន​ដូចគ្នាទៅនឹង​កាលៈទេសៈ​ ដែលនាំឱ្យមាន​សន្ធិសញ្ញា INF កាលពី​ឆ្នាំ១៩៨០ នោះឡើយ»។

ប៉ុន្តែព្រមពេល​ជាមួយគ្នា ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយ​សេចក្ដីថ្លែងការណ៍​មួយដោយបង្ហាញថា សហរដ្ឋអាមេរិកមានបំណងដាក់​ពិភពលោកឱ្យក្រោម​ផលប្រយោជន៍​របស់ខ្លួន និងកំពុងរុញច្រាន​ពិភពលោកឲ្យធ្លាក់ចូល «​ការរត់ប្រណាំង​សព្វាវុធ​ជាថ្មី» តាមរយៈការ​ដកខ្លួនចេញ​ពី INF នោះ។

គួរជម្រាបថា សន្ធិសញ្ញា​នុយក្លេអ៊ែរហៅកាត់ថា INF (Intermediate-Range Nuclear Forces Treaty) ត្រូវបានចុះហត្ថលេខាដោយ​សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត​ កាលពីឆ្នាំ១៩៨៧ សំដៅបិទបញ្ចប់​សង្រ្គាមត្រជាក់​រវាងមហាអំណាច​ទាំងពីរ។ សន្ធសញ្ញានេះ ​បានហាមឃាត់រាល់​ការដាក់ពង្រាយ និងផលិត​មីស៊ីល បាលិស្ទីកនុយក្លេអ៊ែរ​ដែលអាចបាញ់បាន​រយៈចំងាយពី ៣១០ម៉ៃល៍ ដល់ ៣,៤០០ម៉ៃល៍ (៤៩៨គីឡូម៉ែត្រ ដល់ ៥៤៧១គីឡូម៉ែត្រ) ឡើងទៅ៕

Loading...