សម្ដេចតេជោ​ ៖ នៅកម្ពុជា ទាំងពុទ្ធសាសនា ខ្មែរឥស្លាម គ្រីស្ទ និងខ្មែរចិនរស់នៅជាមួយគ្នាដោយសុខ សាន្ត

February 03, 2019 21

ភ្នំពេញ ៖ ខណៈបុណ្យចូលឆ្នាំប្រពៃណីចិន ឈានចូលមកដល់នាថ្ងៃស្អែកទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅខ្មែរនាពេលបច្ចុប្បន្ន ទាំងពុទ្ធសាសនា ខ្មែរឥស្លាម ខ្មែរគ្រីស្ទសាសនា និងខ្មែរចិនរស់នៅជាមួយគ្នាដោយសុខសាន្ត គ្មានការរើសអើងអ្វីឡើយ។

សម្តេចតេជោ លើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃ៣ កុម្ភៈថា ថ្ងៃស្អែកនេះ គឺជនជាតិខែ្មរ-ចិន ជាពេលវេលាដ៏សំខាន់នៃការជួបជុំនៃបុណ្យចូលឆ្នាំចិន។

សម្តេចបន្តថា “ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ធសាសនា , ខ្មែរឥស្លាម , ខ្មែរគ្រីស្ទសាសនា , និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។ ពេលខ្លះយើងក៏ចូលរួមនៅក្នុងពិធីបុណ្យតូចធំជាមួយគ្នាទៀតផង”។ 

នាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា ទាំងនេះ ដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើឲ្យបរិយាកាសសង្គមទាំងមូលដំណើរការល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ធពិធីបុណ្យតូចធំអ្វីឡើយ៕

Loading...