លោក ត្រាំ រើសយកវៀតណាម ធ្វើកន្លែងជួបលោក គីម ជុងអ៊ុន ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ខាងមុខនេះ

February 06, 2019 57

វ៉ាស៊ីនតោន ៖ គ្មានអ្វី​ត្រូវ​ងឿងឆ្ងល់ទៀតនោះឡើយ ដោយពេលនេះ សេតវិមាន​​​បានប្រកាស​ហើយថា ជំនួបកំពូលលើកទី២ រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំ​កំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅ​នៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្តីប្រកាស​ខាងលើនេះ គឺត្រូវបានធ្វើឡើងនៅក្នុង​អំឡុងពេល​ដែល​​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ធ្វើពិធីថ្លែងសារ​​ទៅកាន់ប្រជាជាតិ​​សម្រាប់ឆ្នាំ២០១៩ នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី០៥ ខែកុម្ភៈនេះ​តែម្តង។ លោក ត្រាំ បានបញ្ជាក់​​យ៉ាងដូច្នេះទៀតថា «ប្រសិនបើរូបខ្ញុំ​​មិនត្រូវបាន​បោះឆ្នោត ឲ្យឡើងធ្វើជា​ប្រធានាធិបតី​ទេនោះ យើង (កូរ៉េខាជើង និងអាមេរិក) ប្រាកដជាកំពុងស្ថិតនៅក្នុងសង្គ្រាម ដ៏ធំសម្បើមមួយហើយ​នាពេល​នេះ...»។

គួរបញ្ជាក់ថា ថ្វីត្បិតតែលោក ត្រាំ សម្រេចជ្រើសរើស​​ប្រទេសវៀតណាម ដែល​ត្រូវបានគេ​មើល​ឃើញថា សាកសមជាងគេសម្រាប់​ប្រមុខដឹកនាំ ប្រទេស​ទាំងសងខាង​ជួបគ្នាក៏ដោយ ក៏​ទីតាំង​ជាក់​លាក់មិនត្រូវបានប្រកាស​ឲ្យដឹងដដែល ប៉ុន្តែ​កន្លងមក​នេះធ្លាប់មានការលើក​ឡើងថា ទីក្រុង​ហាណូយ គឺជាកន្លែងដែល​សាកសមជាងគេ បើសិនជា​ជំនួប​កំពូលត្រាំ-គីមលើកទីពីរ នឹងត្រូវប្រារព្ធឡើង​​នៅប្រទេសវៀតណាមនោះ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច​ដោយ Channel News Asia នាព្រឹក​ថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩៕

 

Loading...