រដ្ឋមន្ត្រីការបរទេស​អាមេរិក៖ យោធា​វេណេស៊ុយអេឡា គួរតែអនុញ្ញាតឲ្យក្រុម​ផ្តល់ជំនួយអន្តរជាតិ ចូលទៅក្នុង​ប្រទេសមួយនេះ

February 07, 2019 24

វ៉ាស៊ីនតោន ៖ សារព័ត៌មាន France 24 នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះផ្សាយថា លោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេស​អាមេរិក ​ទាមទារ​ឲ្យ​យោធា​វេណេស៊ុយអេឡា អនុញ្ញាតឲ្យក្រុម​ផ្តល់ជំនួយអន្តរជាតិ ចូលទៅក្នុង​ប្រទេស​វេណេស៊ុយអេឡា ខណៈយោធា​ដែលស្មោះស្ម័គ្រនឹង​លោក នីកូឡាស់ ម៉ាឌូរ៉ូ ទាំងនោះ​​ចោទប្រកាន់ថា ក្បួនដឹកជំនួយ​របស់អាមេរិក និងប្រទេសផ្សេង​ទៀតនោះ មានចេតនា​ឈ្លានពាន។

លោក ប៉ុមប៉េអូ បានសរសេរ​នៅក្នុងបណ្តាញ​សង្គម Twitter របស់លោក​​យ៉ាងដូច្នេះថា «ប្រជាជន​វេណេស៊ុយអេឡាពិតជាត្រូវការ​ជំនួយជាចាំបាច់។ ដូច្នេះ​សហរដ្ឋអាមេរិក និងបណ្តា​ប្រទេសផ្សេងទៀត​បានព្យាយាមជួយហើយ ប៉ុន្តែយោធា​វេណេស៊ុយអេឡា ដែលស្ថិតនៅ​ក្រោមបញ្ជារបស់លោក ម៉ាឌូរ៉ូ កំពុងតែរារាំង​រថយន្ត និងនាវាដឹកជំនួយ​ទាំងនោះ...។ របប ម៉ាឌូរ៉ូ ត្រូវតែ​អនុញ្ញាតឲ្យ​ជំនួយ ត្រូវដឹកជញ្ជូនទៅដល់ជន​ទុរភិក្ស...»។

គួរបញ្ជាក់ថា ការដឹកជញ្ជូន​ជំនួយដឹកនាំដោយអាមេរិក និងបណ្តាប្រទេសធំៗ​នៅតំបន់​អាមេរិកឡាទីននេះ គឺក្រោយពីមានការអំពាវនាវដោយមេបក្សប្រឆាំងក្នុងប្រទេស​វេណេស៊ុយអេឡាលោក ជូអាន ហ្គៃដូ ឲ្យ​ប្រទេសទាំងអស់ផ្តល់ជំនួយទៅកាន់​ប្រជាជន​អត់ឃ្លាន​ជាច្រើន ដែលកំពុងរងគ្រោះ​ដោយវិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

លោក ហ្គៃដូ គឺត្រូវបាន​​​សហរដ្ឋអាមេរិក បណ្តាប្រទេស​​នៅទ្វីប​អាមេរិកខាងជើង-ខាងត្បូង និងអឺរ៉ុបមួយ​​ចំនួន​ផងដែរ ប្រកាស​ទទួល​​ស្គាល់​ជាប្រធានាធិបតីស្តីទី​​វេណេស៊ុយអេឡា និងអំពាវនាវ​ឲ្យ​របបដឹកនាំរបស់​លោក​​ប្រធានាធិបតី​ នីកូឡាស់ ម៉ាឌូរ៉ូ រៀបចំ​ការបោះឆ្នោត​ឡើងវិញ ប៉ុន្តែ​លោក ម៉ាឌូរ៉ូ មិនទទួល​យក​នោះឡើយ៕

Loading...