លោក ប្រាយុទ្ធ ចាន់អូចា ​ប្រកាស​ចូលរួមប្រកួតប្រជែងនៅ​ក្នុងការបោះឆ្នោត​សកល នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ

February 08, 2019 9

បាងកក ៖ ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយថា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃសុក្រនេះ ​បានប្រកាស​ចូលរួមប្រកួតប្រជែងនៅ​ក្នុងការបោះឆ្នោត​សកល នៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ ក្នុងនាមជាបេក្ខជន​នាយករដ្ឋមន្ត្រី ចំពោះមុខ​បញ្ហា​ផ្សែងពុល​ក្នុងទីក្រុងបាងកក ដែលកំពុងបង្កបញ្ហាធំសម្រាប់លោក។

លោក ប្រយុទ្ធ ចាន់អូចា ដែលបាន​ដណ្ដើមអំណាច​ពីរដ្ឋាភិបាលប្រជាធិបតេយ្យ​របស់លោកស្រី យ៉ីងឡាក់ នៅក្នុងរដ្ឋប្រហារ​មួយ​កាលពីខែឧសភា ឆ្នាំ២០១៤ និងឡើងជានាយករដ្ឋមន្ត្រី​ថៃ បានប្រកាស​នៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកនឹងឈរឈ្មោះជា បេក្ខជននាយករដ្ឋមន្ត្រី​នៃគណបក្សគាំទ្រ​របបយោធាមានឈ្មោះថា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat)។ ប៉ុន្តែ​ការប្រកាសរបស់លោក ប្រាយុទ្ធ ធ្វើឡើង ចំពេលលោក​ផ្ទាល់កំពុងប្រឈមមុខ នឹងការទទួលខុសត្រូវលើ​វិបត្តិផ្សែងពុល​នៅក្នុងប្រទេស​ថៃ ដែលបានធ្វើឱ្យប៉ះពាល់​ដល់ប្រជាប្រិយភាព​របស់លោក​យ៉ាងខ្លាំង ជាពិសេស​បន្ទាប់ពីត្រូវបាន​តុលាការកោះហៅ​ទៅសាកសួរ​ ពីបញ្ហាមួយនេះកាល​ពី​ថ្ងៃព្រហស្បតិ៍។

គួរជម្រាបថា លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវប្រឈមមុខ​ជាមួយគូប្រជែងមួយដ៏សំខាន់ គឺព្រះនាង​ម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ជាព្រះរាម​របស់ព្រះមហាក្សត្រថៃ​ព្រះបាទ មហា វ៉ាច្ចរ៉ាឡុង (Vajiralongkorn) មកពីគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) ដែលជាគណបក្សមួយ​ស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នៅក្នុង​ការបោះឆ្នោត​សកល​នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩៕

Loading...