រុស្ស៊ី ប្រកាសធ្វើតេស្ត ប្រព័ន្ធមីស៊ីលការពារដែន​អាកាស នៅលើ​​នាវាចម្បាំង

February 11, 2019 30

មូស្គូ ៖ ពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​ចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយថា លោក វ្ល៉ាឌីមៀ កូរ៉ូឡេវ (Vladimir Korolev) អគ្គមេបញ្ជាការ ​​នៃកងទ័ពជើង​រុស្ស៊ី បានប្រកាស​ឲ្យដឹងថា ដំណាក់កាល​​នៃការធ្វើតេស្ត​សាក​ល្បង​ ប្រព័ន្ធគ្រាប់​មីស៊ីល​ការពារ​ដែនអាកាស​ហៅថា ប៉ូលីមិន រ៉េឌុត (Poliment-Redut) សម្រាប់បំពាក់​នៅលើ​កងនាវា​ចម្បាំងប្រភេទ Project 22350 នោះ បានបញ្ចប់ជា​ស្ថាពរហើយ។

​ប្រព័ន្ធមីស៊ីល​ការពារអាកាស​ខាងលើនេះ ត្រូវយោធារុស្ស៊ី​អះអាងថា មានសមត្ថភាព​បាញ់កម្ទេច​គោលដៅ​នៅលើផ្ទៃអាកាស​ ដែលស្ថិតក្នុង​រយៈចម្ងាយ ​១៥០គីឡូម៉ែត្រ និងនៅកម្ពស់​រហូតដល់ ៣០គីឡូម៉ែត្រ។ ក្រុមនាវា​ចម្បាំង ហ្គសកូវ (Admiral Gorshkov) ឬ​ក៏​ Project 22350 របស់ប្រទេសរុស្សី​អាចធ្វើដំណើរ​​បានរយៈពេល ១៥ថ្ងៃ ដោយមិនចាំ​បាច់ត្រូវការ​ការផ្គត់ផ្គង់ ឬក៏ឥន្ធនៈឡើយ។​

គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី លោក ស៊ឺហ្គៃ សយហ្គូ (Sergei Shoigu) បានប្រកាសថា ​ការបាញ់​មីស៊ីល​​នៃ​ប្រព័ន្ធ​ការពារអាកាស Poliment-Redut ជាង ១០លើក ត្រូវបានធ្វើឡើង​ទៅលើ​​គោលដៅចម្រុះ​ ក្នុងអំឡុងដំណាក់​កាល​ធ្វើតេស្តនៅ​ក្នុងកងអង្គភាព​នាវាភាគខាង​ជើង (Northern Fleet) ដែលស្ថិតនៅ​ជុំវិញ​តំបន់​មហាសមុទ្រ​ទឹកកកអាក់ទិច៕

Loading...