ឃាត់ខ្លួនមន្ត្រីយោធា​​ម្នាក់​ ដកហូតថ្នាំញៀន​២កញ្ចប់​​ អាវុធខ្លី​១ដើម​ និងរថយន្ត១គ្រឿង​

February 12, 2019 4

កណ្តាល ៖ មន្ត្រីយោធា​ម្នាក់ ដែលជាមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល​ សហការជាមួយកម្លាំង​មន្ទីរប្រឆាំងគ្រឿងញៀន​ ​ធ្វើការឃាត់ខ្លួន​បាន​ហើយ​ នៅវេលាម៉ោង៨៖១០នាទីយប់​ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយដកហូត​ ក្រាមពណ៌សថ្លា​២កញ្ចប់​, អាវុធខ្លី ១ដើម ម៉ាកឡុក (ចិន) បង់២ និងគ្រាប់មួយទៀត​, បង់កាំភ្លើងវែង អឹមសី ១ និងគ្រាប់មួយចំនួន, និងរថយន្ត១គ្រឿងទៀត​ផងដែរ។

ប្រតិបត្តិការ​នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានចូលរួមសហការនឹងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សូរិទ្ធី សត្យា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីយោធា ទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាម​ ពណ៌សថ្លា​ សង្សយ័ថាសារធាតុញៀន​ ចំនួន២កញ្ចប់, ទូរស័ព្ទដៃ១គ្រឿង​,​ អាវុធខ្លី១ដើម ម៉ាកឡុក (ចិន) បង់២ និងគ្រាប់មួយទៀត​, បង់កាំភ្លើងវែង អឹមសី ចំនួន១ និងគ្រាប់មួយចំនួន, រថយន្ត១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរគ្រឿងញៀន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

Loading...