
ញូដេលី ៖ សារព័ត៌មាន Hindustan Times នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយថា មនុស្សយ៉ាងតិច៩នាក់ បានស្លាប់ និងប្រមាណ៧នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីគ្រោះអគ្គិភ័យបានកើតមានឡើងនៅសណ្ឋាគារមួយកន្លែង ក្នុងរដ្ឋធានីញូដេលី នាថ្ងៃអង្គារនេះ។
ប្រធានទីភ្នាក់ងារពន្លត់អគ្គិភ័យនៅក្នុងតំបន់ លោក ស៊ូនីល ឈួដារី (Sunil Choudhary) បានឲ្យដឹងថា មនុស្ស០៩នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះនៅសណ្ឋាគារ អាភីត ផាឡេស (Arpit Palace) ក្នុងសង្កាត់ ខារ៉ូល បេក (Karol Bagh)។ ខណៈនេះ អគ្គិភ័យក៏ត្រូវបានពន្លត់ឲ្យរលត់ហើយដែរ។ លោក Choudhary បានបញ្ជាក់ទៀតថា មនុស្ស ២៥នាក់ត្រូវបានជម្លៀសចេញពីសណ្ឋាគារលំដាប់ផ្កាយបីនេះ រីឯ២នាក់បានលោតចុះមកក្រោម ដោយសារការភ័យស្លន់ស្លោពេក។
គួរជម្រាបថា មូលហេតុនៅពីក្រោយគ្រោះអគ្គិភ័យខាងលើ មិនទាន់ត្រូវបានបញ្ជាក់ ឬកំណត់ច្បាស់នៅឡើយទេ ប៉ុន្តែមានការសង្ស័យថា វាអាចបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី៕
