អាជ្ញាធរខេត្តប៉ៃលិន ស្នើដល់ពលរដ្ឋឲ្យត្រៀមឯកសារពាក់ព័ន្ធ និងព្រំប្រទល់ដី ឲ្យបានច្បាស់លាស់ ងាយស្រួលដល់មន្ត្រីជំនាញចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ

February 12, 2019 39

ប៉ៃលិន ៖ អភិបាលរងខេត្តប៉ៃលិន លោក ហុក សុផល បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារពាក់ព័ន្ធទាំងអស់ និងព្រំប្រទល់ដីឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឲ្យបានឆាប់រហ័ស។

ការស្នើបែបនេះរបស់លោក ហុក សុផល បានធ្វើឡើងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុង​ឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានលើកឡើងថា ការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាមានភាពងាយស្រួល ក្នុងការផ្តល់សិទ្ធិកាន់កាប់ទ្រព្យសម្បតិ្ត ជូនប្រជាពលរដ្ឋ ព្រោះថាការកំណត់តំបន់វិនិច្ឆ័យនេះ គឺផ្នែកជំនាញនឹងផ្តល់ជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី។

លោក ហុក សុផល បានបញ្ជាក់ទៀតថា ការធ្វើប័ណ្ណកម្មសិទ្ធិ គឺជារឿងមួយយ៉ាងសំខាន់សម្រាប់ការកំណត់ព្រំប្រទល់ដីធ្លីរបស់យើងយ៉ាងស្របច្បាប់ ហើយប័ណ្ណកម្មសិទ្ធិពិតជាមានសារៈសំខាន់ សម្រាប់ការកំណត់ដីធ្លី ចែកបន្តដល់កូន ចៅ ជំនាន់ក្រោយៗ សម្រាប់ប្រើប្រាស់តាមតម្រូវការ ចាំបាច់ ដោយគ្មានជនណាម្នាក់អាចកេងបន្លំបានឡើយ។

ទន្ទឹមនឹងនេះដែរលោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានឲ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធមាន៥ដំណាក់កាលគឺ៖

ទី១- ត្រៀមរៀបចំ គឺការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ទី២- ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។

ទី៣- បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារនិងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។

ទី៤- ម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ឬមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ។

និងទី៥- ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណ ជូនម្ចាស់ដី៕

Loading...