ស្តេចអារ៉ាប៊ីសាអូឌីត ជួបពិភាក្សាជាមួយ​ប្រធានាធិបតី​រុស្ស៊ី ជុំវិញ​ស្ថិរភាពទីផ្សារប្រេង​​ពិភពលោក

February 20, 2019 63

រីយ៉ាដ ៖ ស្តេចអារ៉ាប៊ី សាអូឌីត​ ព្រះចៅ សាលម៉ាន់ (Salman) នាថ្ងៃអង្គារសប្តាហ៍នេះ បានពិភាក្សាគ្នាជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញ​កិច្ចសហប្រតិបត្តិការ​ដើម្បីសម្រេចបាននូវស្ថិរភាពទីផ្សារប្រេង​​ពិភពលោក។

បើតាមប្រភពព័ត៌មាន​ខាងលើ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​​បានផ្តោតសំខាន់​ទៅលើទីផ្សារ​ប្រេងសកល ក្នុងអំឡុង​កិច្ចសន្ទនា​​​គ្នា​តាមប្រព័ន្ធទូរស័ព្ទដែល​ព្រះចៅ Salman បានហៅទៅកាន់​​លោកប្រធានាធិបតីរុស្ស៊ី ក្រោមគោលដៅ​ធានាឲ្យបាននូវ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ ព្រះចៅ Salman និង លោក ពូទីន ក៏បានលើក​ឡើងពីទំនាក់ទំនងពិសេស​រវាង​ប្រទេសទាំងពីរ​ និង​​​ជជែកអំពី​បញ្ហាមួយចំនួន​​ផងដែរ។

គួរជម្រាបថា រុស្ស៊ីនិង​ប្រទេស​ឈានមុខខាងលើផលិត​ប្រេង​ឯទៀតៗ ព្រមទាំង​អង្គការប្រេង OPEC បានព្រមព្រៀងគ្នា​កាត់​បន្ថយការ​ផលិតប្រេង រៀងៗខ្លួនក្នុងចំនួន​សរុបចូលគ្នាគឺប្រមាណ ១.២លានប៉ារ៉ែលក្នុងមួយថ្ងៃ ដោយចាប់ផ្តើម​កាលពីថ្ងៃមករា​តទៅ ដើម្បីរក្សាតុល្យភាព​នៃទីផ្សារប្រេង​សាកលនិង​លើកស្ទួយដល់តម្លៃ​ប្រេងជារួម។ ដោយឡែក​ព្រះអង្គម្ចាស់​រាជទាយាទ ប៊ីនសាលម៉ាន់ វិញក៏កំពុងបំពេញ​ទស្សនកិច្ចនៅប្រទេស​ឥណ្ឌា​ផងដែរ ដើម្បីរឹត​ចំណងមិត្តភាព និងពិភាក្សាលើពាណិជ្ជកម្មប្រេង​ដូចគ្នានេះ។

នេះបើតាម​សេចក្តីរាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌​មាន​អារ៉ាប៊ីសាអូឌីត ដកស្រង់ការ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩៕

 

Loading...