ក្រសួងសុខាភិបាល ក្រើនរំលឹកសារជាថ្មី ដល់ពលរដ្ឋ​ទូទាំងប្រទេស កុំបរិភោគត្រីក្រពត ៣ប្រភេទ ដែលមានជាតិពុល

February 21, 2019 22

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មី ដល់ប្រជាពលរដ្ឋ​ទូទាំងប្រទេស កុំបរិភោគត្រីក្រពត ៣ប្រភេទ ដែលមានជាតិពុល អាចបណ្តាលឲ្យមនុស្សមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាននៅពេលជាតិពុល បានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន ៣ប្រភេទមានជាតិពុល, តាមការស្រាវជ្រាវ បានរកឃើញថា ត្រីក្រពតដែលមានជាតិពុលនោះ រួមមាន៖ Tetraodon cochinchinensis, Monotrete leiurus និងTetraodon fluviatilis ត្រីក្រពតទាំងនេះ ពេលជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឲ្យស្លាប់បាន។

ត្រីក្រពតដែលមានសារធាតុពុលទាំង៣ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

សម្រាប់រោគសញ្ញាចាប់ផ្តើមក្នុងរយៈពេល ២០នាទី ទៅ២ម៉ោង បន្ទាប់ពីបានបរិភោគត្រីបែបនេះ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាលវិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បានណែនាំ និងអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការការពុលចំណីអាហារ ពិសេសការរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារល្អ គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូត ដល់អ្នកបម្រើអាហារ ដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំ ចំណីអាហារ របៀបទុកដាក់ និងពេលចម្អិនអាហារ។

ដើម្បីជៀសវាងបាននូវបញ្ហាសុខភាព ដែលអាចធ្វើ ឲ្យបាត់បង់ជីវិតបាន និងដើម្បីចៀសផុតពីការពុលត្រីក្រពតដូចករណីខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុល ដោយសារវាមានជាតិពុលនៅក្នុងខ្លួនវា ដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឲ្យកកក៏ដោយ៕

Loading...