ស្រវឹងជោគ បើករថយន្ត​កាមរី ហាយ​ប្រ៊ី​ត បុក​គូទ​រថយន្ត​សាំ​យ៉ុង​ ដែល​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​បង្ក​បែកក្បាលរងរបួស​ធ្ងន់

June 14, 2018 221

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង១និង៤០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្សារ​នាគ​មាស តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បុរស​ម្នាក់ ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​មួយគ្រឿង បោះពួយ​យ៉ាង​លឿន​ដូច​ហោះ បាន​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​គូទ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត ដែល​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​បង្ក​រងរបួស​បែកក្បាល ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី ហាយ​ប្រ៊ី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9325 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក​រ៉េ​ចង្កូត​ទៅខាង​ស្តាំ​ជ្រុល​បុក​គូទ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​សម្បក​ឪឡឹក ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ដឹង​ផ្លែឈើ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-5517 ដែល​ឈប់​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុង​ប៉ើង​ជិត១០ម៉ែត្រ រង​ការខូចខាត កំពិត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ។

សូមជម្រាបជូនថា រថយន្ត​បង្ក​វិញ រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង ខណៈ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត បណ្ដាល​ឲ្យ​បែកក្បាល​ត្រូវបាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

Loading...