អាមេរិក ​ប្រគល់វត្ថុបុរាណ​ទ្រង់ទ្រាយ​ធំ​ ចំនួន៣៦១បំណែក ឲ្យដល់​ប្រទេស​ចិន​វិញ

March 01, 2019 47

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយថា សហរដ្ឋអាមេរិក ​ប្រកាសបញ្ជូន​សម្បត្តិ​វប្បធម៌ និងវត្ថុបុរាណ​ចិន ចំនួន៣៦១បំណែក​ឲ្យទីក្រុងប៉េកាំង​វិញ នៅឯពិធីប្រគល់​មួយនៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​នេះ។

មន្ត្រីជាន់ខ្ពស់​អាមេរិក និងចិន បានចូលរួមក្នុងពិធី​ប្រគល់មួយដែល​ប្រព្រឹត្តទៅនៅឯ​សារមន្ទីរ អេធែលហ្សក (Eiteljorg) ក្នុងទីក្រុង អ៊ីនឌាណាផូលី (Indianapolis) នៃរដ្ឋ អ៊ីឌាណា (Indiana) សហរដ្ឋអាមេរិក។ ការធ្វើមាតុ​ភូមនិវត្តន៍នេះ​ទៀតសោត នឹងក្លាយជា​ការប្រគល់វត្ថុបុរាណ​ក្នុងទ្រង់ទា្រយធំ​បំផុតឲ្យចិនវិញ ពីសហរដ្ឋអាមេរិក​ចាប់តាំងពី​ឆ្នាំ២០០៩ ជាពេលដែល​ប្រទេស​ទាំង ២​ បានចុះ​ហត្ថលេខា​លើអនុស្សរណៈ​យោគយល់គ្នាមួយ ស្ដីពីការពង្រឹង​ទំនាក់ទំនាក់ទំនង​ពាក់ព័ន្ធ​នឹងបញ្ហា​នេះ។

គួរបញ្ជាក់ថា នៅអំឡុងពិធី​ប្រគល់វត្ថុបុរាណ​នោះដែរ រដ្ឋបាលបេតិកភណ្ឌ​វប្បធម៌ជាតិចិន និងការិយាល័យ​ស៊ើបអង្កេត​អាមេរិក FBI ក៏បានចុះ​ហត្ថលេខា និងផ្លាស់ប្ដូរគ្នា​ទៅវិញទៅមកផងដែរ​ នូវវិញ្ញាប័ណ្ណបត្របញ្ជាក់ពីការផ្ទេរ ដែលនឹង​ធ្វើឲ្យប្រសើរឡើង​ការផ្ទេរសម្បត្តិ វប្បធម៌ និងវត្ថុបុរាណ​ទៅឲ្យ​ចិនវិញ៕

Loading...