រថយន្តបែនកង់៦ បើកកៀរម៉ូតូស្កុបពីមន្រ្តីយោធាម្នាក់ រងរបួសធ្ងន់

March 04, 2019 77

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ រងរបួសធ្ងន់ បាក់ជើងឆ្វេង និងបែកក្បាល ខណៈដែលកំពុងជិះម៉ូតូត្រូវបានរថយន្តហ៊ីណូបែនកង់៦ បើកមកក្រោយកៀរបោកដួល កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ខាងលិចភ្លើងស្តុបផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាមន្រ្តីយោធា ឈ្មោះ ហង្ស សារុន ភេទប្រុស អាយុ៥៧ឆ្នាំ មានឋានន្តរស័ក្តិ ជាវរសេនីយ៍ឯក បម្រើការងារនៅអគ្គបញ្ជាការកងទ័ពជើងគោក មានទីលំនៅភូមិដុតកំបោរ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីណូ បែនកង់៦ ពណ៌ខៀវ លាយស្លាទុំ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1331 អ្នកបើកបរចុះគេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-7154 ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកស្របទិសមកពីក្រោយកៀរដួលបោកផ្ទប់តែម្តង បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេង បែកក្បាលសន្លប់ស្តូក។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ 1-79។ ចំណែករថយន្តបង្ក និងម៉ូតូសមត្ថកិច្ចជំនាញចុះពិនិត្យ វាស់វែងរួចយកទៅរក្សាទុកនៅអធិការខណ្ឌរងចាំដោះស្រាយពេលក្រោយ៕

Loading...