នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថា បើសិនជាជ្រើសរើស លោកនឹងឈរនៅខាងចិន ដែលជាអ្នកមាន ជាជាងចាប់យកសហរដ្ឋអាមេរិក

March 08, 2019 84

កូឡាឡំពួរ ៖ សារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០១៩ ចេញផ្សាយថា លោក មហាធៀ មហាម៉េដ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា បើសិនជាស្ថិតនៅក្នុងកាលៈទេសៈបង្ខំឲ្យជ្រើសរើសនោះ លោកនឹងឈរនៅខាងចិន ដែលជាអ្នកមាន ជាជាងចាប់យកសហរដ្ឋអាមេរិកដែលនិយាយបាតដៃខ្នងដៃ។

ការកត់សម្គាល់ខាងលើរបស់លោក មហាធៀ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយអ្នកសារព័ត៌មាន South China Morning Post នៅក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំរូបនេះ ក៏បានលើកឡើងផងដែរថាអំណាច របស់សហរដ្ឋអាមេរិកគឺជាកតា្តអវិជ្ជមាន ហើយថាសង្រ្គាមជាមួយចិន គឺគ្រាន់តែជាយុទ្ធសាស្ត្រមួយមិនបានផ្ដល់ប្រយោជន៍ អ្វីក្រៅតែពីភាពអវិជ្ជមាន និងជម្លោះឡើយ។ លោក មហាធៀ បានបន្ថែមដូច្នេះថា “នៅពេលចិនក្រីក្រ យើងភ័យខ្លាច ចំពោះចិន ហើយនៅពេលដែលចិនមានបាន យើងក៏នៅតែខ្លាចចិនដដែល...ប៉ុន្តែខ្ញុំគិតថាយើងគួរតែស្វែងរកមធ្យោបាយ ដោះស្រាយជាមួយចិន។ ម្យ៉ាងទៀត បើស្ថិតនៅក្នុងកាលៈទេសៈបង្ខំឲ្យជ្រើសរើស នោះខ្ញុំនឹងឈរនៅខាងចិនដែលជាអ្នកមាន ជាជាងចាប់យកសហរដ្ឋអាមេរិកដែលនិយាយបាតដៃខ្នងដៃ”។

គួរបញ្ជាក់ថា បើតាមលោក មហាធៀ មហាម៉េដ បច្ចុប្បន្នម៉ាឡេស៊ីបានទទួលស្គាល់ថាមានទំនាក់ទំនងកាន់តែខិតទៅរកចិន ដែលជាទីផ្សារដ៏ធំ ហើយថាប្រទេសរបស់លោកចង់ទាញយកប្រយោជន៍ពីការរីកចម្រើននៃសេដ្ឋកិច្ចចិន៕

Loading...