អគ្គីភ័យបានលេបត្របាក់តូបលក់ដូររបស់ប្រជាពលរដ្ឋចំនួន ៧តូបទាំងស្រុង សង្ស័យឆ្លងចរន្តអគ្គិសនី

March 10, 2019 70

ភ្នំពេញ ៖ តូបលក់ដូររបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួន ៧តូបត្រូវបានគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅហើយលេបត្របាក់ទាំងស្រុង
ករណីអគ្គីភ័យនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង ២០នាទី ព្រឹកថ្ងៃអាទិត្យទី ១០ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ២៨គ្រួសារ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញមានផ្សែងហុយចេញពីខាងក្រោយផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែងនៅចំណុចកើតហេតុខាងលើ បង្កជាអណ្តាតភ្លើងឆាបឆេះខ្លាំងឡើងៗ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍ ដោយសភាពឆាបឆេះខ្លាំងពេក ក៏ទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គីភ័យមកជាច្រើនគ្រឿងដើម្បីបាញ់ទឹកពន្លត់ ។

ចំពោះករណីអគ្គិភ័យខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា គឺឆាបឆេះតូប លក់ដូរ ដែលជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី តូបជួសជុលម៉ុតូ តូបលក់គ្រឿងអគ្គីសនី តូបលក់ឥវ៉ាន់ចាប់ហួយ តូបលក់អង្ករ តូបលក់គ្រឿងសំណង់ ២តូប និងតូបលក់បាយ ទាំង៧តូបនេះខូចខាចទាំងស្រុង សំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣៦គ្រឿងទើបគ្រប់គ្រងបានជាស្ថាពរនៅវេលាម៉ោង៧៖៣០នាទីថ្ងៃដដែល ។ សំរាប់មូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ។ ដោយជំហ៊ានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថាអាចមកពីការឆ្លងចរន្តអគ្គិសនី ។ រីឯទំហំនៃការខូចខាច និងបាត់បង់ទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋសមត្ថកិច្ចនៅមិនទាន់អាចបូកសរុបបាននៅឡើយទេ៕

Loading...