ចិន បញ្ជាឲ្យផ្អាករាល់ប្រតិបត្តិការយន្ដហោះ Boeing 737 Max ក្រោយសោកនាដកម្មធ្លាក់យន្ដហោះផ្ដាច់ជីវិតមនុស្ស១៥៧នាក់ នៅអេត្យូពី

March 11, 2019 124

ប៉េកាំង ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ចេញផ្សាយថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន បានបង្គាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍ចិនទាំងអស់ ផ្អាកជាបណ្ដោះអាសន្នរាល់ការធ្វើប្រតិបត្តិការយន្ដហោះប្រភេទ Boeing 737 Max បន្ទាប់ពីមនុស្ស១៥៧នាក់ ស្លាប់នៅក្នុងសោកនាដកម្មធ្លាក់យន្ដហោះ 737 MAX 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ។

យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយ ហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាន​នៃរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) របស់​ប្រទេស​អាហ្វ្រិកកណ្តាល​​អេត្យូពី សំដៅ​ទៅកាន់​រដ្ឋធានី​ណៃរ៉ូប៊ី (Nairobi) នៃប្រទេស​កេនយ៉ា ដោយផ្ដាច់ជីវិតមនុស្សនៅលើនោះទាំងអស់១៥៧នាក់ ក្នុងនោះមានអ្នកដំណើរ១៤៩នាក់ និងក្រុមអាកាសយានិក៨នាក់។

ដោយឡែក បើតាមការសន្និដ្ឋានបឋម ​បញ្ហា​បច្ចេកទេស​​មួយចំនួននៃគ្រឿងម៉ាស៊ីន​អាចជាមូលហេតុនៅពីក្រោយសោកនាដកម្ម ធ្លាក់យន្ដហោះនេះ ហើយវាក៏ជាលើកទី២ផងដែរដែលយន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ ក្រោយយន្ដហោះ ប្រភេទនេះធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ផ្ដាច់ជីវិតមនុស្សទាំងអស់១៨៩នាក់។

គួរបញ្ជាក់ថា មនុស្សទាំង១៥៧នាក់បានបាត់បង់ជីវិត ក្នុងករណី​ធ្លាក់យន្តហោះ​ដ៏រន្ធត់របស់​អាកាសចរណ៍អេត្យូពីខាងលើ ក្នុងនោះ​គឺមានចំរុះជាតិ​សាសន៍ដូចជា កេនយ៉ា, ចិន, អាមេរិក,​ បារាំង, ឥណ្ឌា, អ៊ីតាលី, កាណាដា, អង់គ្លេស, អេហ្ស៊ីប, ឥណ្ឌូណេស៊ី, ស្លូវ៉ាក, អូទ្រីស, ស៊ុយអ៊ែដ, អ៊ីស្រាអែល, ម៉ូរ៉ូកូ, ប៉ូឡូញ, អេស្ប៉ាញ, ហូឡង់, ប៊ែលហ្សិក, ជីបូទី, អៀរឡង់, ម៉ូហ្សំប៊ិក, នេប៉ាល់, នីហ្សេរីយ៉ា, ណ័រវេយ៍, រ៉ាវ៉ាន់ដា, អារ៉ាប៊ីសាអូឌីត, ស៊ែប៊ី, ស្លូវ៉ានី, សូម៉ាលី, ស៊ូដង់, តូហ្គោ, អ៊ូហ្គាន់ដា, យ៉េមែន និងអេត្យូពីផ្ទាល់៕

Loading...