នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាស់តឿនហ្វីលីពីន ឲ្យប្រុងប្រយ័ត្ននឹងប្រាក់កម្ចី ពីប្រទេសចិន

March 12, 2019 82

ម៉ានីល ៖ វិមានម៉ាលីកាន បានស្វាគមន៍ចំពោះការដាស់តឿន របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ដើម្បីឲ្យហ្វីលីពីនប្រុងប្រយ័ត្ននឹងប្រាក់កម្ចីពីប្រទេសចិន។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយជាមួយ ANC កាលពីសប្តាហ៍មុនមេដឹកនាំ ម៉ាឡេស៊ីរូបនេះបាននិយាយថា ប្រទេសហ្វីលីពីនគួរតែជៀសវាង ការធ្វើកំហុសដូចបណ្តា ប្រទេសដទៃទៀត ដែលបានធ្លាក់ចូលក្នុងអន្ទាក់ បំណុលរបស់ប្រទេសចិន។

មន្រ្តីរបស់វិមាន ម៉ាលីកាន បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានតាមទូរទស្សន៍មួយថា “ជាការពិតយើងនឹងទទួល យកដំបូន្មានរបស់គាត់ ហើយអ្នកគ្រប់គ្រងសេដ្ឋកិច្ច កំពុងវាយតម្លៃគ្រប់ប្រភេទ នៃប្រាក់កម្ចីដែលយើង មានជាមួយរដ្ឋាភិបាលចិន”។

Panelo បានបញ្ជាក់សាជាថ្មីនូវតួនាទី របស់អ្នកគ្រប់គ្រងសេដ្ឋកិច្ច របស់ប្រទេសហ្វីលីពីនថា “មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង” ក្នុងការទទួលយកការផ្តល់ ប្រាក់កម្ចីពីប្រទេសចិន។

សូមជម្រាបថា លោក Mahathir នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានស្ថិតនៅក្នុងទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន កាលពីសប្តាហ៍មុនសម្រាប់ ដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំទ្វេភាគីជាមួយ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ។

ប្រទេសម៉ាឡេស៊ីស្ថិតនៅក្រោម ការគ្រប់គ្រងរបស់លោក Mahathir គឺបានលុបចោលគម្រោង មួយចំនួនដែលទទួលបានមូលនិធិ ពីប្រទេសចិនដែលមាន ទឹកប្រាក់ប្រហែល ២២ពាន់លានដុល្លារ ដែលកាលពីមុន ត្រូវបានសម្រេចដោយអតីត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់៕

Loading...