រឿងកាន់តែធំហើយ! ក្រុមគ្រួសារកវី គង្គ ប៊ុនឈឿន មិនទទួលយកការសុំទោស ពីផលិតកម្មសាន់ដេ

March 12, 2019 61

ភ្នំពេញ ៖ បន្ទាប់ពីអ្នកនិពន្ធនៅផលិតកម្មសាន់ដេ បានដឹងកំហុស ហើយចេញមុខសុំទោសជាសាធារណៈ តាមរយៈការឡាយហ្វេសប៊ុកភ្លាមៗនោះ ក្រុមគ្រួសាររបស់កវី គង្គ ប៊ុនឈឿន ក៏បានទទួលដំណឹងនេះដែរ ប៉ុន្តែលោក មុត ថារី ដែលជាកូនប្រសារលោក គង្គ ប៊ុនឈឿន និងជាអ្នកដឹកនាំរឿងផងដែរនោះ មិនទទួលការសុំទោសនេះឡើយ។

លោក ហ៊ាង ម៉េងហ៊ួរ អ្នកនិពន្ធប្រចាំផលិតកម្មសាន់ដេ បានសុំទោសក្រុមគ្រួសារកវី គង្គ ប៊ុន ឈឿន តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។ លោកបញ្ជាក់ថា “ថ្ងៃនេះ ខ្ញុំបាទសូមចេញវីដេអូសុំទោសជាសាធារណៈ។ ជាដំបូង ខ្ញុំបាទសូមអភ័យទោសចំពោះលោកគ្រូ គង្គ ប៊ុនឈឿន រួមទាំងក្រុមគ្រួសារ ព្រមទាំងមហាជនទាំងអ ស់ដែលខ្ញុំបាទ បានយកបទមរតកដើម មានចំណងជើងថា នឹកភ្នំភូមិធំ ឬថ្ងៃដែលអូនចុកឈាម មកកែប៉ារូ ដោយសារតែខ្ញុំបាទ នៅក្មេងវ័យ មិនបានគិតឲ្យបានវែងឆ្ងាយ”។

លោក មុត ថារី តំណាងក្រុមគ្រួសារកវី គង្គ ប៊ុនឈឿន បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី៧ ខែមីនាថា “កិច្ចការអស់នេះ ខាងម្ដាយក្មេកខ្ញុំ បានទាក់ទងទៅនាយកដ្ឋានកម្មសិទ្ធិបញ្ញាហើយ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូច្នេះរងចាំគាត់មកសិន។ គាត់មកដល់ហើយ គាត់នឹងជជែកគ្នាជាមួយក្រសួងវប្បធម៌។ ចាំមើលថា តើគេមាននីតិវិធីត្រូវជជែកគ្នាយ៉ាងម៉េចទៀត។ មែនគ្រាន់ថា យើងបង្កើតរឿងហើយ អីផ្ញើសារសុំទោសអី លុបចោអី វាចប់ងាយៗចឹងទេណា”។

លោកថា ករណីនេះ ខាងក្រសួងក៏បានទាក់ទងមកក្រុមគ្រួសាររបស់លោករួចហើយដែរ ដើម្បីទាមទាររកឯកសារមួយចំនួន ដើម្បីដាក់ពាក្យប្ដឹងទៅខាងផលិតកម្មសាន់ដេ។ លោកបន្តថា មិនមែនរៀបចំឯកសាររួចហើយ ខាងសាន់ដេ ចេញមុខមកធ្វើការសុំទោសនោះ រឿងត្រូវចប់នោះ គឺមិនអាចឡើយ ព្រោះករណីនេះមិន កើតឡើងម្តងនោះទេ មានច្រើនរួចមកហើយ “ចម្លងស្នាដៃមិនដាក់ប្រភព”។

សូមបញ្ជាក់ថា បទចម្រៀងនាយចឺម ដែលមានចំណងជើងថា “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” ដែលបទភ្លេងលំនាំបទភ្លេង “នឹកភូមិភ្នំធំ” របស់រាជនីសំឡេងមាសអ្នកស្រី រស់ សេរីសុទ្ធា ដោយមិនបានយោងតាមបទភ្លេងពីជំនាន់ដើម ត្រូវបានពលរដ្ឋខ្មែររិះគន់យ៉ាងខ្លាំង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីបានបង្ហោះក្នុងបណ្តាញសង្គមយូធូប៕

Loading...