ពេលពេញមួយឆ្នាំ២០១៨ ខេត្តតាកែវ នៅសល់ស្រូវប្រមាណ ជាង៧០ម៉ឺនតោន

March 13, 2019 37

តាកែវ ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ ការងារបង្កបង្កើនផលស្រូវរដូវវស្សា និងរដូវប្រាំង របស់បងប្អូនប្រជាកសិករ ក្នុងខេត្តតាកែវ អនុវត្តន៍បានលើសផែនការ ដែលនាំឲ្យខេត្តតាកែវ នៅសល់ស្រូវប្រមាណ ជាង៧០ម៉ឺនតោន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តតាកែវ បានបង្ហាញថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាអនុវត្តន៍បានរហូតដល់១១៧,១៣ភាគរយ និងការធ្វើស្រែរដូវប្រាំងអនុវត្តន៍ រហូតបានប្រមាណ១៣២,៥២ភាគរយ។

ការអនុវត្តការងារបង្កបង្កើនផលបានលើសផែនការនេះ បានបណ្ដាលឲ្យខេត្តតាកែវ ទទួលបរិមាណផលស្រូវសរុប ចំនួន១.១៤៦.៨៤០ “មួយលានមួយសែនបួនម៉ឺនប្រាំមួយពាន់ប្រាំរយសែសិបតោន”។

បើយោងតាមរបាយការណ៍ខាងលើ បន្ទាប់ពីកាត់ពូជទុក និងការបាត់បង់ និងទុកចំណីសត្វ ពេលប្រមូលផល និងទុកសម្រាប់តម្រូវការមនុស្សចំនួន១.០០៣.៩២៧នាក់នៅក្នុងខេត្តតាកែវ ដោយតម្រូវការមនុស្សក្នុងម្នាក់ៗ ចំនួនអង្ក១៤៣គីឡូក្រាម ខេត្តតាកែវនៅសល់ស្រូវចំនួន៧៧៣.៤៣៦ តោន បើគិជាអង្កនៅសល់ប្រមាណជិត៥០ម៉ឺនតោន ហើយបើប្រៀបធៀបទៅនិងឆ្នាំ២០១៧កន្លងមក គឺមានការកើនឡើងជាង១ម៉ឺនតោន។

របាយការណ៍ខាងលើ ក៏បានធ្វើប៉ាន់ស្មានតុល្យភាព ស្បៀងក្នុងឆ្នាំ២០១៩នេះ ដោយបានធ្វើការព្យាការណ៏ថា ទិន្នផលស្រូវក្នុងឆ្នាំ២០១៩នេះ និងមានការកើនឡើង ជាងមុនហើយក្រោយពីការទុកពូជ ចំណីសត្វនិងការហូបចុក សម្រាប់មនុស្សម្នាក់ៗ ខេត្តតាកែវ អាចនិងសល់ស្រូវប្រមាណ៧៩ម៉ឺនតោន ពោលគឺ និងមានការកើនឡើងជាងឆ្នាំ២០១៨ ប្រមាណ២ម៉ឺនតោន៕

Loading...