សហរដ្ឋអាមេរិក កំពុងតែត្រៀមរៀបចំដាក់ទណ្ឌកម្មច្រើន ពាក់ព័ន្ធប្រទេសវេណេហ្ស៊ូអេឡា លើស្ថាប័នហិរញ្ញវត្ថុ

March 13, 2019 92

អាមេរិក ៖ លោក Elliott Abrams ប្រេសិតពិសេស របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក កំពុងតែត្រៀមរៀបចំដាក់ទណ្ឌកម្មច្រើនឡើង ពាក់ព័ន្ធប្រទេសវេណេហ្ស៊ូអេឡា លើស្ថាប័នហិរញ្ញវត្ថុ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

លោក Elliott Abrams តាមសេចក្តីរាយការណ៍ មិនបានផ្តល់សេចក្តីលម្អិត ស្តីពីចំណាត់ការថ្មីៗនេះទេ ប៉ុន្តែការព្រមានរបស់លោកនេះ គឺបានកើតឡើងក្រោយមួយថ្ងៃ បន្ទាប់ពីក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្ម លើធនាគាររុស្ស៊ី Evrofinance Mosnarbank ពីបទជួយក្រុមហ៊ុនប្រេងរដ្ឋវេណេហ្ស៊ូអេឡា PDVSA បំពានការដាក់កំហិត ហិរញ្ញវត្ថុរបស់អាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានរាយការណ៍ថា លោក Abrams បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងតែត្រៀមរៀបចំ ធ្វើការដកទិដ្ឋាការអាមេរិកជាច្រើនទៀត ពីពលរដ្ឋវេណេហ្ស៊ូអេឡា ដែលមានចំណងទាក់ទង ដ៏ជិតស្និទ្ធជាមួយលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ៕

Loading...