សង្គ្រាមដីធ្លី! អ្នកមានដីស្របច្បាប់ ក្នុងខេត្តព្រះសីហនុ ត្រូវឧស្សាហ៍ទៅអើតមើលផង ប្រយ័ត្នបាត់ដី ដោយមិនដឹងខ្លួន

March 14, 2019 61

ព្រះសីហនុ ៖ អ្នកមានដីស្របច្បាប់ ក្នុងខេត្តព្រសីហនុ ត្រូវឧស្សាហ៍ទៅអើតមើលផង ព្រោះឥឡូវនេះគេពិនិត្យ​ ឃើញថា សកម្មភាពចាប់ដីយ៉ាងអាណាធិបតេយ្យ មិនថាដីនោះជាដីរដ្ឋ ឬដីឯកជនឡើយ សូម្បីតែអាជ្ញាដែនដី ក៏មិនហ៊ានបង្ក្រាបដែរ ព្រោះខ្លាចអស់តំណែងដូចលោក២នាក់នោះ បានត្រឹមតែស្រែកតែប៉ុណ្ណោះ។

កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ អភិបាលខេត្តព្រះសីហនុ បានកោះប្រជុំគណៈបញ្ជាការឯកភាពបន្ទាន់មួយ ដើម្បីចាត់វិធានការណ៍ចំពោះក្រុមពលរដ្ឋដើរចាប់ដីអនាធិបតេយ្យ នៅខេត្តព្រះសីហនុ តាមខ្សែញាក់មេខ្យល់លាក់មុខ។ កិច្ចប្រជុំបន្ទាន់នេះ សំដៅចាត់វិធានការណ៍ចំពោះក្រុមពលរដ្ឋដើរចាប់ដីអនាធិបតេយ្យ នៅខេត្តព្រះសីហនុ។ ដោយមានការចូលរួមពីអភិបាលក្រុងស្រុកទាំង៤ កងកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្តព្រះសីហនុ។

គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំបន្ទាន់ល្ងាចនេះ គឺបានផ្ដោតសំខាន់ទៅលើការអប់រំផ្សព្វផ្សាយ និងបង្ក្រាបរាល់សកម្មភាពអនាធិបតេយ្យរបស់ក្រុមពលរដ្ឋមួយចំនួន ដែលបានផ្តុំគ្នាធ្វើសកម្មភាពរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃដែលនៅទំនេរ និងដីសាធារណៈរបស់រដ្ឋផងដែរ។

សូមជម្រាបជូនថា រយៈពេលប្រមាណជាងមួយសប្តាហ៍ចុងក្រោយនេះ ក្រុមពលរដ្ឋមកពីខេត្តផ្សេងៗទាំងក្រុមៗ បានធ្វើការប្រមូលផ្ដុំមនុស្សចូលទៅទន្ទ្រានកាន់កាប់វាស់វែងដីចែកគ្នានៅស្ទើរគ្រប់ស្រុក-ក្រុង ទៅតាមចំណែករៀងៗខ្លួន។

បន្ទាប់ពីក្រុមអាជ្ញាធរតាមមូលដ្ឋាន បានធ្វើការតាមដានស៊ើបអង្កេតរួចរាល់ពិនិត្យឃើញថា ក្រុមប្រជាពលរដ្ឋទាំងនេះ គឺបានចល័តមកពីតំបន់ផ្សេងៗ ឬខេត្តផ្សេងៗ តាមចលនាអូសទាញរបស់មេខ្លោងលាក់មុខនៅពីក្រោយខ្នង ដើម្បីទន្ទ្រានយកដីកម្មសិទ្ធិរបស់អ្នកដទៃ រួមជាមួយនឹងដីរបស់រដ្ឋផងដែរ ក្រោមហេតុផលថា មានភាពក្រីក្រគ្មានដីគ្មានផ្ទះនៅ។

តែករណីនេះ អាជ្ញាធរបានធ្វើការសន្និដ្ឋានថា គឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យក្រោមល្បិច ឈ្នះបានដីចាញ់បានលុយប៉ុណ្ណោះ។

ជាវិធានការណ៍ចំពោះមុខនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រគល់ភារៈកិច្ចជូនគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់ទីតាំងដែលក្រុមគាត់ចូលទន្ទ្រានកាន់កាប់នោះដើម្បីឲ្យពួកគាត់បានយល់ដឹងព្រមទាំងកំណត់អត្តសញ្ញាណពួកគាត់ឲ្យបានច្បាស់លាស់ ជំរុញឲ្យពួកគាត់យល់អំពីច្បាប់និងចាកចេញពីទីតាំងទន្ទ្រានដើម្បីចៀសវាងមានបញ្ហានៅពេលអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្តព្រះសីហនុ ក៏បានដាក់បញ្ជាទៅស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវធ្វើការស្រាវជ្រាវតាមដានរកមុខសញ្ញាមេខ្យល់ទាំងអស់នេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។

លោក យន្ត មីន បានបញ្ជាក់បន្ថែមថា ប្រទេសមានច្បាប់ដូច្នេះយើងត្រូវតែអនុវត្តទៅតាមច្បាប់ដោយមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមអនាធិបតេយ្យមកក្រឡុកធ្វើព្យុះធ្វើភ្លៀងបង្កបញ្ហាឥតឈប់ឈរដូច្នេះឡើយ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានផ្ញើសារអំពាវនាវដោយទទូចដល់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យទាំងអស់ សូមនាំគ្នាដកខ្លួនចេញពីទីតាំងដីកម្មសិទ្ធិរបស់គេ និងដីសាធារណៈរបស់រដ្ឋ ដើម្បីកុំឲ្យមានបញ្ហាប្រឈម៕

Loading...