ប្រុងប្រយ័ត្ននារីៗ! ស្គាល់គ្នាតាមហ្វេសប៊ុកកន្លះខែ ណាត់ដើរលេងម្ដង បងសម្លាញ់លួចកាបូបលុយអូនទៅបាត់!!!

March 14, 2019 83

ភ្នំពេញ ៖ នារីម្នាក់ បានស្គាល់គ្នាហ្វេសប៊ុកបានកន្លះខែ ខាងប្រុសសុំណាត់ដើរលេង ជិះម៉ូតូឌុបពីបន្ទប់ជួលមកផ្សារទំនើបសុវណ្ណា ហើយខាងប្រុសថាឲ្យយកកាបូបលុយទុកក្នុងកែបម៉ូតូ ពេលខាងស្រីចុះពីលើម៉ូតូ ស្រាប់តែបើករត់គេចបាត់ ធ្វើឲ្យនាងយំសោក រត់មកប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍។ ហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារទំនើបសុវណ្ណា ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ សុគន្ធា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅបន្ទប់ជួលនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ដោយស្គាល់បុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Love Reach បានប្រហែលជិតកន្លះខែ និងបាននិយាយគ្នាតាមឆាត រហូតដល់ព្រឹកមិញនេះ បុរសនោះ បានណាត់ខ្លួនបបួលទៅដើរកម្សាន្តនៅមាត់ទន្លេ និងផ្សារទំនើប ក្រោយមកក៏ព្រមដើរលេងជាមួយ។

បន្ទាប់មកបុរសនោះជិះម៉ាកស្គុបពីពណ៌ស មិនចាំស្លាកលេខ ជិះម៉ូតូមកដល់ចំណុចផ្សារទំនើបសុវណ្ណាក៏បានឈប់ម៉ូតូ ហើយបុរសនោះក៏បានឲ្យគាត់ចុះពីលើម៉ូតូសិន ដើម្បីយកម៉ូតូទៅផ្ញើនៅកន្លែងសន្តិសុខ តែដឹងអីមុខមាត់ស្អាតបាត បែរជាចរិតជាងឆ្កែទៅទៀត បើកម៉ូតូរត់គេចខ្លួនបាត់ ហើយកាបូបគាត់ដែលទុកក្នុងកែបម៉ូតូនោះមានសម្ភារៈដូចជា ទូរស័ព្ទចំនួន២គ្រឿង ម៉ាកអាយហ្វូនសិច និងម៉ាកសាំងសុង រួមនិងលុយដុល្លារជិត២០០ដុល្លារ សៀវភៅធានាគារ និង (ប.ស.ក) ក៏បាត់បង់អស់គ្មានសល់អ្វី។

នារីរងគ្រោះបន្តថា ទ្រព្យសម្បត្តិលុយកាក់ និងទូរស័ព្ទវាមិនសំខាន់ទេ តូចចិត្តកើតមកអាយុប៉ុណ្ណឹងហើយ នៅតែចាញ់បោកគេទៀត ទើបឲ្យសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមចាប់អាប្រុសព្រាន មកដាក់ទោស ចាត់ការតាមផ្លូវច្បាប់កុំឲ្យមនុស្សអាក្រក់ទៅបោកនារីផ្សេងទៀត៕

Loading...