អាជ្ញាធររាជធានីភ្នំពេញ ស្នើឲ្យប្រធានគណបក្សខ្មែរក្រោក ធ្វើការកែតម្រូវឡើងវិញ ចំពោះការប្រៀបធៀបមន្ត្រីរាជការ ទៅនឹងសត្វធាតុ

March 14, 2019 51

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ ស្នើឲ្យលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង​ ប្រធានគណបក្សខ្មែរក្រោក ធ្វើការកែតម្រូវឡើងវិញ ចំពោះការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក​ Page William Guang ប្រៀបធៀបមន្ត្រីរាជការ ទៅនឹងសត្វធាតុ ដែលមានចរិតមួលបង្កាច់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យមតិសាធារណៈ មានការភ័ន្តច្រឡំ នាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូ របស់អ្នករាជការសាធារណៈ និងស្ថាប័នសាលារាជធានីភ្នំពេញ។

យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើទៅលោកប្រធានគណបក្សខ្មែរក្រោក កាលពីថ្ងៃទី១៣ ខែមីនា ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានស្នើសុំធ្វើការកែតម្រូវអត្ថបទ នៃការបង្ហោះផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក​ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្នុង page William Guang ដែលមានខ្លឹមសារថា “សួរថាតើស្តាប់សម្តីចៅហ្វាយក្រុង និងស្តាប់សម្លេង គីគីព្រុស មួយណាល្អជាង” ក្នុងន័យផ្សារភ្ជាប់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាមួយវិធានការគ្រប់គ្រងការចរាចរណ៍ រថយន្តធុនធ្ងន់ចេញចូលក្នុងក្រុង ដោយប្រើពាក្យពេចន៍ អសីលធម៌ គ្មានមូលដ្ឋានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មានអត្ថន័យផ្ទុយទាំងស្រុងពីការពិត ប៉ុន្តែមានចរឹតមួលបង្កាច់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យមតិសាធារណៈមានការភ័ន្តច្រលំ នាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ អ្នករាជការសាធារណៈ និងស្ថាប័នសាលារាជធានីភ្នំពេញផងដែរ។

លិខិតដដែលបន្តថា “រដ្ឋបាលរាជធានីភ្នំពេញ ស្វាគមន៍ និងរង់ចាំទទួលការរិះគន់ ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ប៉ុន្តែពុំមែនជាការប្រមាថ មើលងាយ ជាន់ឈ្លីកិត្តិយស រហូតដល់ថ្នាក់ប្រៀបប្រដូចមនុស្សជាមួយសត្វធាតុ ជាច្រើនលើកច្រើនសារនោះទេ”។

លិខិតបានសង្កត់ធ្ងន់ថា “ក្នុងន័យដើម្បីរក្សាតម្លៃតួនាទី ជាប្រធានគណបក្សមួយរូប ផ្តល់តម្លៃជូនមន្ត្រីរាជការសាធារណៈ និងដើម្បីផ្តល់ជូនព័ត៌មានសុក្រឹត្យ និងត្រឹមត្រូវដល់សាធារណជន រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោកប្រធានពិនិត្យខ្លឹមសារ កែតម្រូវអត្ថបទឡើងវិញ ច្រៀសវាងការពិចារណា នូវចំណាត់ការតាមផ្លូវតុលាការ ក្នុងបទការប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈ”៕

Loading...