Spurs ប៉ះ Man City នៅវគ្គ៨ក្រុមចុងក្រោយ Champions League

March 16, 2019 37

បាល់ទាត់ ៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវតតាំងជាមួយក្រុមជើងឯកអង់គ្លេស មេឃខៀវ Manchester City ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League ក្នុងការ ចាប់ឆ្នោតជ្រើសរើសគូប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីសនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ក្រុមដែលបានទម្លាក់ក្រុមអាល្លឺម៉ង់ Borussia Dortmund ក្នុងវគ្គ ១៦ក្រុម ត្រូវបានចាប់ឆ្នោតប៉ះក្រុមអង់គ្លេសដូចគ្នា ក្នុងវគ្គ ១/៤ បន្ទាប់ពីពួកគេធ្លាប់ចាញ់ Man City ០-១ ក្នុងជើងទី១ នៃ Premier League រដូវកាលនេះ ក្នុងខែតុលា ឆ្នាំ២០១៨ កន្លងទៅ។

Spurs នឹងចាប់ផ្តើមប្រកួតជើងទី១ នៃវគ្គ ៨ក្រុមនៃ UEFA Champions League នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ក្នុងកីឡដ្ឋានថ្មី White Hart Lane ដែលទើបជួសជុលរួចរាល់ផងដែរ មុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឆ្នាំដដែលនៅកីឡដ្ឋាន Etihad មុនពេល ៣ថ្ងៃបន្ទាប់ប៉ះ Manchester City ដដែលក្នុងជើងទី២ នៃ Premier League។

ដូចគ្នានោះដែរសម្រាប់ឯការចាប់ឆ្នោត៣គូផ្សេងទៀតរួមមាន Ajax ប៉ះ Juventus, FC Barcelona ប៉ះ Manchester United និងក្រុមរងជើងឯករដូវកាលមុន ហង្សក្រហម Liverpool ប៉ះក្រុម FC Porto៕

Loading...