ក្ដៅៗ ហុយៗ!!! រត់ការលក់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ក្រោមរូបភាពដោះដូរ “ឆ្នាំងមាស ដូរយកឆ្នាំងដី”

March 16, 2019 96

ភ្នំពេញ ៖ ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ មានតម្លៃប្រមាណជិត២លានដុល្លារ ត្រូវបានគេរត់ការលក់បាត់ទៅហើយ ក្រោមរូបភាពដោះដូរ “យកឆ្នាំមាសដូរយកឆ្នាំងដី” ហើយសល់លុយចែកគ្នា ហើយគ្រោង នឹងដេញមន្រ្តីនគរបាលចេញពីទីតាំងនោះទៅនៅទីតាំងថ្មី ដែលបានធ្វើរួចរាល់ហើយនោះ។ មិនថាតែនគរបាលនោះទេ សូម្បីតែតែខ្មោច ជីដូនជីតាម្ចាស់ដីចាស់ ដែលកប់នៅក្នុងបរិវេណដីស្នាក់ការប៉ុស្តិ៍នោះ ក៏អ្នកទិញដីនោះបានគាស់កកាយ និងសូត្រមន្តបណ្តេញចេញហើយយកសពទៅដាក់ក្នុងដីសមាគមនៅក្នុងពោធិ៍សែនសែនរួចទៅហើយដែរ។

ដីស្នាក់ការនគរបាលនោះ ត្រូវបានគេដឹងថា ក្បាលមានទំហំប្រមាណ២៥ម៉ែត្រ គុណ៣០ម៉ែត្រ  ស្ថិតនៅតាមផ្លូវភ្នំពេញហាណូយ ខាងជើងស្ពានអាកាសផ្សារដីហុយ ប្រមាណជាង២០០ម៉ែត្រ។ ដីនេះត្រូវគេដឹងថា ជាដីត្រូវប៉ាន់នៅផ្លូវធំ មានតម្លៃប្រមាណជិត២លាន់ដុល្លារ ដែលក្រុមហ៊ុន និងអ្នកមានទ្រព្យស្តុកស្តម្ភបានព្យាយាមរកខ្សែពួររត់ការលេបត្របាក់យកជាយូរមកហើយ តែមិនបានសម្រេច តែនេះប្រហែលជាមានខ្នងក្រាស់ៗហើយមើលទៅ។

ការលក់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានេះ ធ្វើឲ្យមន្រ្តីនគរបាលប៉ុស្តិ៍ ក៏មានប្រតិកម្មផងដែរ តែហាក់មិនហ៊ានចេញស្តី ព្រោះបើមិនមានភ្លើងខៀវពីមេៗ ឬថ្នាក់ក្រសួងនោះទេ ប្រហែលជាមិនអាចទៅរួចនោះទេ។

តាមនគរបាលម្នាក់ បានលួចបង្ហើបឲ្យដឹងថា ស្នាក់ការប៉ុស្តិ៍ទឹកថ្លានេះ ត្រូវបានគេចរចារគ្នាត្រូវរួចហើយ ដោយខាងក្រុមហ៊ុន ក៏បានទំលាក់លុយ ទិញដីថ្មី ទំហំប្រមាណ១០ម៉ែត្រគុណ២០ម៉ែត្រ ក្នុងតម្លៃប្រមាណជា១០ម៉ឺនដុល្លារ នៅក្រលៀតផ្លូវទល់មួយកន្លែង ស្ថិតផ្ទះលេខ៣៣៨ផ្លូវលំភូមិចុងថ្នល់ខាលិច ហើយបានធ្វើអគារស្នាក់ការថ្មី រួចរាល់ហើយ។ ចំណែក ផ្នូរខ្មោច នៅក្នុងប៉ុស្តិ៍ទឹកថ្លា ក៏ត្រូវបានកកាយយកចេញអស់ហើយដែរ។ ទោះបីជាយ៉ាងណា គេពុំដឹងថាអ្នកដែលមានសំណាងឈ្មោះអ្វីនោះទេ។

តាមព័ត៌មានបានឲ្យដឹងទៀតថា ដីប៉ុស្តិ៍ចាស់មានតម្លៃប្រមាណជិត២លានដុល្លារ តែទិញដីថ្មីធ្វើស្នាក់ការអស់ប្រមាណជិត២០ម៉ឺនដុល្លារ នៅសល់អាចធ្លាក់ទៅលើបុគ្គល តែរហូតមកដល់ពេលនោះ មន្រ្តីនគរបាលនៅប៉ុស្តិ៍ទឹកថ្លាមិនទាន់បានចំណែកនៅឡើយនោះទេ។ ការដោះដូរស្នាក់ការ នេះត្រូវបានគេអះអាងថា ថ្នាក់លើរត់ការលក់ចែកគ្នា ក្រោមរូបភាពដោះដូរឆ្នាំងមាសដូរយកឆ្នាំដី។

តាមមន្រ្តីសង្កាត់ទឹកថ្លា បានឲ្យដឹងថា ដីស្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថា ដើមឡើយជាដីស្នាក់ការភូមិទឹកថ្លា។ នៅកំឡុងឆ្នាំ១៩៨០ជាង លោក ប៊ី សំហេង ដែលជាអតីតមេប៉ុស្តិ៍ទឹកថ្លា គាត់ក៏បានសុំទៅស្នាក់នៅបណ្តោះអាសន្ន ក្រោយមកអតីតមេប៉ុស្តិ៍ក៏បានធ្វើបញ្ជីទៅក្រសួងដាក់ដីនោះជាទ្រព្យសម្បត្តិក្រសួង។ កាលនោះ លោក ណុប ណន អតីតមេភូមិ ក៏បានតវ៉ាទាមទារមកវិញបានមួយចំណែក ទំហំក្បាល៥ម៉ែត្រ តែគាត់បានស្លាប់ទៅដីនោះក៏ធ្លាក់ទៅជាដីរបស់ប៉ុស្តិ៍ទឹកថ្លារហូតមក តែពេលនេះត្រូវបានគេរត់ការលក់បាត់ហើយ និងគ្រោងដេញមន្រ្តីនគរបាលប៉ុស្តិ៍ ទៅនៅទីតាំងថ្មីដែលធ្វើរួចហើយ។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ការដោះដូរ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានេះ គឺមានលិខិតពីក្រសួង ហើយលោកពុំបានដឹងថាថ្នាក់លើ បានឲ្យនគរបាលប៉ុស្តិ៍ ទៅនៅស្នាក់ការថ្មីនៅពេលណានោះទេ។

លោកអធិការ ក៏បានបញ្ជាក់ថា មិនមែនលក់ទេ គីដោះដូរហើយ ទីតាំងថ្មីជាទីតាំងគំរូរសម្រាប់ប៉ុស្តិ៍ផ្សេងៗទៀតផងដែរ។ ទោះបីជាយ៉ាងណា គេរិះគន់ថា នាំគ្នារត់ការលក់ដីមាស ដីពេជ ចែកគ្នា បែរជាទីទៅដីថោកផ្លូវទល់កៀនកោះប្រជាពលរដ្ឋរកមិនឃើញ ហើយប្រើពាក្យដោះដូរ ដើម្បីយកលាភសការះហាហា?៕

Loading...