ម្រេចកម្ពុជា ទទួលបានកោតសរសើរ ពីប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសធំៗមួយចំនួន ថាគុណភាពខ្ពស់

March 16, 2019 54

ភ្នំពេញ ៖ ស្របពេលកសិករតាមបណ្ដាខេត្តមួយចំនួន បាននាំគ្នាដាំដំណាំម្រេចនោះ មានប្រជាពលរដ្ឋរស់នៅអាមេរិក តៃវ៉ាន់ កូរ៉េ ញូវហ្សេឡែន បាននាំគ្នាកោតសរសើរ ពីគុណភាពម្រេចកម្ពុជាថា មានរស់ជាតិឆ្ងុយឆ្ងាញ់ និងធម្មជាតិពិតៗ។

ដំណាំម្រេច គឺជាដំណាំដ៏មានសក្តានុពលរបស់កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្ម (CTIS) ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។ សព្វថ្ងៃនេះ ម្រេចកម្ពុជាត្រូវបានដាំដុះ នៅខេត្តចំនួន១៩ លើផ្ទៃដីប្រមាណ៦.៦៧៨ហិកតា និងផ្តល់ទិន្នផលប្រហែលជា២ម៉ឺនតោន ក្នុង១ឆ្នាំៗ។

ក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនសិលា ផិបភើរ ខូលអិលធីឌី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ កញ្ញា ស៊ឹង សុផា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន បានបញ្ជាក់ថា ម្រេចដែលនាំចេញទៅក្រៅប្រទេស មានការវេចខ្ចប់ជាផ្លាកសញ្ញា សិលា ផិបភើរ ខេមបូឌាន ដើម្បីឲ្យអតិថិជនមានជំនឿទុកចិត្ត។

ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អះអាងថា សិលា ផិបភើរ បានដើរទិញម្រេចគ្រប់រាជធានី-ខេត្ត ជាពិសេសម្រេចនៅតំបន់ស្រុកមេមត់ ដោយសារតែដំណាំម្រេចនៅទីនោះ មានជាង៨៥% ខណៈរោងចក្រ សិលា ផិបភើរ មានទីតាំងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដូច្នេះប្រមូលទិញពីកសិកនៅកន្លែងរោងចក្រផ្ទាល់។

កញ្ញាបន្ដថា សព្វថ្ងៃបណ្ដាប្រទេសធំៗ ដូចជា ៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុប តៃវ៉ាន់ កូរ៉េ ហុងកុង អាមេរិក មានការព្រួយបារម្ភចំពោះបញ្ហាគីមី ដូច្នេះ សិលា ផិបភើរ ត្រូវផលិតផលម្រេចធម្មជាតិពីកសិករខ្មែរ ដែលមានតម្លៃខ្ពស់ជាងទីផ្សារប្រទេសដ៏ទៃ ដោយសារតែម្រេចកម្ពុជា គឺធម្មជាតិពិតៗ ទើបមានតម្លៃថ្លៃជាងទីផ្សារប្រទេសដទៃ។ កញ្ញាថា រយៈពេល៤ឆ្នាំមកនេះ ម្រេចរបស់កម្ពុជាមានគុណភាពល្អជាងគេនៅពិភពលោក ដោយសារតែ សិលា ផិបភើរ បានដើរលក់ស្ទើរតែគ្រប់ប្រទេស។

ឆ្លៀតឱកាសនោះដែរ ប្រធានគ្រប់គ្រងទូទៅរូបនេះ ប្តេជ្ញាយ៉ាងណាឲ្យផលិតផលម្រេចកម្ពុជា ទទួលបានការគាំទ្រកាន់តែច្រើនឡើងទាំងក្នុង និងក្រៅប្រទេស ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់អតិថិជន។

សូមរំលឹកថា រោងចក្រកែច្នៃម្រេចរបស់ក្រុមហ៊ុន សិលា ផិបភើរ ខូលអិលធីឌី ត្រូវបានតំឡើងតាមស្ដង់ដារខ្ពស់បំផុត ដែលមានសមត្ថភាពក្នុងការសម្អាត និងចាប់កំទេចកំទី និងសម្លាប់មេរោគដោយប្រើបច្ចេកវិទ្យាចំហាយទឹកក្តៅ ព្រមទាំងមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តសាធាតុគីមី និងពពួកបាក់តេរី ។ ក្នុងការផលិតនេះ រោងចក្រមានសមត្ថភាពអាចផលិតបាន១,៥តោន ក្នុង១ម៉ោង ធានាគុណភាព សុវត្ថិភាព ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន៕

Loading...