កូរ៉េខាងត្បូង ផ្តល់ឥណទានសម្បទាន សរុបចំនួន៧០០លានដុល្លារ ដល់កម្ពុជា

March 16, 2019 64

ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ក្រោយបានចូលកាន់តំណែងជាប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ចាប់តាំងពីឆ្នាំ២០១៧ លោក មូន ចេអ៊ីន បានផ្តល់ឥណទានសម្បទាន សរុបចំនួន៧០០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ វិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទ ចាប់ពីឆ្នាំ២០១៩-២០២៣។

ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក មូន ចេអ៊ីន។ សម្តេចតេជោ បានមានប្រសាសន៍ថា “សម្រាប់ឆ្នាំ២០១៩ ដល់២០២៣ សាធារណរដ្ឋកូរ៉េ បានបន្តផ្តល់ឥណទានសម្បទាន សរុបចំនួន ៧០០ លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធ វិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទមានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលអាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ជាមួយនឹងទំហំ នៃការវិភាគទានដ៏ច្រើន របស់រដ្ឋាភិបាលនិងប្រជាជន សាធារណរដ្ឋកូរ៉េ ដែលបានជួយដល់ការស្ដារ និងកសាង និងអភិវឌ្ឍន៍”

ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានថ្លែងថា កូរ៉េតែងតែចូលរួមក្នុងការស្ដារ និងអភិវឌ្ឍន៍កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ និងការវិនិយោគដោយផ្ទាល់ ក្នុងក្របខណ្ឌហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការ។ គិតពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលកូរ៉េបានផ្ដល់ ហិរញ្ញប្បទានប្រមាណ ៦៣២ លានដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណងមាន ប្រមាណជា៣០០ លានដុល្លារ។

បន្ថែមពីលើនេះ សម្ដេចបានស្នើឲ្យវិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា មកសិក្សាស្វែងយល់ អំពីសក្តានុពលនិងកាលានុវត្តភាព វិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស នឹងទាញយកផលប្រយោជន៍ជាអតិបរមា។

សូមបញ្ជាក់ថា កម្ពុជា-កូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នា ជាយូរមកហើយ ប៉ុន្តែទំនាក់ទំនងនេះ ត្រូវបានផ្អាកមួយរយៈ ដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា ។ ទំនាក់ទំនងការទូតនេះ ត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី៣០ ខែតុលាឆ្នាំ១៩៩៧ បន្ទាប់ពីសម្តេចបានធ្វើទស្សនកិច្ចនៅកូរ៉េ នាខែកក្កដាឆ្នាំ១៩៩៦ និងបានសម្រេច ឲ្យមានការចាប់ផ្ដើមឡើងវិញ នូវទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ៕

Loading...