លោក ហ៊ុន ម៉ាណែត ថា សន្តិភាព ជាឫសគល់នៃការអភិវឌ្ឍ

March 16, 2019 60

កំពង់ចាម ៖ សមិទ្ធផលមួយចំនួននៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមមាន៖ បណ្ណាល័យមួយខ្នង, ខ្លោងទ្វារ, ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមាន លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។

ជាបឋម លោក កើត រឹទ្ធ តំណាងអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានលើកឡើងថា មានបណ្ណាល័យថ្មី អគារសិក្សាថ្មី សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ លោកថា បណ្ណាល័យនេះ គឺជាកន្លែង និងឃ្លាំងចំណេះដឹង អាចចូលសិក្សាស្រាវជ្រាវ អានកាន់តែច្រើនចំណេះកាន់កើន។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព ធ្វើឲ្យវិស័យអប់រំសិក្សាធិការមានការរីកចម្រើន។ មានអគារសិក្សាថ្មី បណ្ណាល័យ មានសៀវភៅអាន ស្រាវជ្រាវ វាជាឱកាសសិក្សាល្អសម្រាប់ការស្រាវជ្រាវបន្ថែម។

ក្នុងឱកាសជួបសំណេះសំណាល លោក ហ៊ុន ម៉ាណែត បានសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដោយភាពស្និទ្ធស្នាល និងរីករាយបំផុត ។ លោកលើកឡើងថា សុខសន្តិភាព និងស្ថិរភាពសង្គម ជាផ្នែកមួយដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍបានរំលេចឡើងនូវសមិទ្ធផល អគារ ផ្លូវ ស្ពានថ្នល់ ហេដ្ឋារចនាសម្ព័ន្ធនានា មានការរីកដុះដាលជាបន្តបន្ទាប់។

លោកបានក្រើនរំឭកដល់ពលរដ្ឋគ្រប់រូប ត្រូវចេះរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជំរុញ ឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងក្លាយជាយុវជនគំរូ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គគម៕

Loading...