ចាប់ខ្លួនមេក្លាងជួញដូរថ្នាំគ្រឿងជនជាតិចិន៨នាក់ នៅខេត្តព្រះសីហនុ

March 18, 2019 88

ភ្នំពេញ ៖ ​កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន៣ករណី ទីតាំងផ្សេងគ្នា ក្នុងខេត្តព្រះសីហនុ និងបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុសស្រី៨នាក់។

ករណីបង្រ្កាបនេះ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ​ បានឲ្យដឹងថា ករណីទី១. កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បង្ក្រាបបាននៅម្តុំខាងក្រោយមន្ទីរកសិកម្មខេត្តព្រះសីហនុ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ. Zhang Xia Feng ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ ធ្វើការនៅកាស៊ីណូ ក្នុងពេលជនសង្ស័យកំពុងតែលក់ថ្នាំញៀនឲ្យទៅម្នាក់ទៀត ហើយភ្លាមៗសមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ Wu fong ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មុខរបរ ធ្វើការនៅកាស៊ីណូ ដែលចាំទិញថ្នាំញៀនបន្តនោះ។ វត្ថុតាងដកហូតបានថ្នាំញៀនម្សៅ ចំនួន២៣ កញ្ចប់ ថ្នាំញៀនប្រភេទ WYចំនួន៤ គ្រាប់ និងទូរស័ព្ទ១ គ្រឿង។

ករណីទី២. តាមចម្លើយសារភាពពីជនសង្ស័យ ឈ្មោះ Zhang Xiafeng នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានបន្តទៅចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត គឺទី១-ឈ្មោះ Li Xin ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ គួជេអចលនទ្រព្យ,ទី ២-ឈ្មោះ Chen Xiang ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរដូចគ្នា នៅក្រុម៣៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ វត្ថុតាងដកហូតបានរួមមានថ្នាំញៀនម្សៅ ចំនួន១៣កញ្ចប់, ថ្នាំប្រភេទដបចំនួន៤ដប, ថ្នាំប្រភេទ WY ចំនួន៦គ្រាប់, ជញ្ជីងថ្លឹង១គ្រឿង និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

ករណីទី៣-នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ តាមចម្លើយសារភាព ចង្អុលបង្ហាញពីឈ្មោះ Zhang Xia Feng សមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួន បានមេខ្លោងគ្រឿងញៀនម្នាក់ទៀត ឈ្មោះ Yang Cheng ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ដោយដកហូតបានវត្ថុតាងថ្នាំញៀនម្សៅចំនួន៥កញ្ចប់ (២ធំ ៣តូច) ថ្នាំញៀនប្រភេទWY ចំនួន៩គ្រាប់, ទូរស័ព្ទ១គ្រឿង។

បន្ទាប់មកសមត្ថកិច្ចក៏បានសាកសួរជនសង្ស័យរូបនេះ និងធ្វើការឆែកបន្ទប់ជួលខាងក្រោយកាស៊ីណូ កាន់ដាវ ក៏ឈានទៅដល់ការឃាត់ខ្លួនបានជនស្ស័យចំនួន៣នាក់ទៀត (ប្រុសម្នាក់ ស្រី ២នាក់) គឺទី១-ឈ្មោះ Liu Chang Bo ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ, ទី២-ឈ្មោះ Chang yan ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ, ទី៣-ឈ្នោះ ផាត ចន្តា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ ធ្វើការកាស៊ីណូ វត្ថុតាងដកហូតបាន នៅក្នុងបន្ទប់រួមមានថ្នាំញៀនម្សៅ ចំនួន៨កញ្ចប់ (១ កញ្ចប់ធំ ៧តូច), កញ្ឆាក្រៀម១កញ្ចប់, ទូរស័ព្ទ ១គ្រឿង, សម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

ក្រោយការសួរនំាជនសង្ស័យទាំង៨នាក់រួច កម្លាំងជំនាញ​បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

Loading...