Mazda ចង្កូតស្ដាំ ពាក់ស្លាកលេខ ខ.ម បិទឡូហ្គោអគ្គបញ្ជាការដ្ឋាន បោលបុករថយន្តកុងតឺន័រក្រឡាប់វិលមួយជុំ នៅផ្លូវ៦០ម៉ែត្រ

March 20, 2019 125

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្ត MAZDA  ចង្កូតស្ដាំ ពាក់ស្លាកលេខ ខ.ម បិទឡូហ្គោអគ្គបញ្ជាការដ្ឋាន យ៉ាងលឿនដូចហោះ  ទៅបុករថយន្តកុងតឺន័រចំពីមុខពេញទំហឹង បណ្ដាលឲ្យក្រឡាប់រថយន្ត MAZDA  រងការខូចខាតយ៉ាងដំណំ វេលាម៉ោងជាង១២៖០៥នាទីយប់រំលងអធ្រាត្រ ឈនចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខច្រកចូលការដ្ឋានសាងសង់អាគារមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានប្រាប់ភ្នាក់ងារ CAMPOST ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿង ម៉ាក MAZDA BT-50PRO ពណ៌ត្រេអ៉ី ស្លាកលេខខេមរភូមិន្ទ 02 2-9863 និងមានបិទឡូហ្គោអគ្គបញ្ជាការដ្ឋាន ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត MAZDA បានរេចង្កូតងាកទៅឆ្វេងដៃចូលគន្លងផ្លូវម្នាងទៀត ក៏ជ្រុលទៅបុកចំពីមុខរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកស្វាយរៀង 3B-0567 ប្រភេទភ្លៅ៣ កំពុងបើកបរក្នុងគន្លងផ្លូវរបស់ខ្លួន តាមផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ចំពេញមួយទំហឹងបណ្ដាលឲ្យផ្ទុះបែកកង់ខ្ទាតក្រឡាប់រថយន្ត MAZDA មួយត្រឡប់ បណ្ដាលឲ្យរងការខូចខាតខ្ទេចយ៉ាងដំណំ រីឯរថយន្តកុងតឺន័រផ្ទុះបែកកង់មុខខាងឆ្វេង និងរងការខាតចំហៀងមុខខាងឆ្វេងយ៉ាងដំណំ។

ភ្លាមៗនោះដែលតៃកុងរថយន្ដកុងតឺន័រ និងព្រូភ័យពេកបាននាំគ្នារត់ចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុករថយន្តចោលកណ្ដាលផ្លូវ ចំណែកឯម្ចាស់រថយន្ត MAZDA បានចុះមកហើយឲ្យសន្តិសុខជួយដោះស្លាកលេខរថយន្តចេញ រួចគេចចេញពីកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

Loading...