ផ្អើលប៉ូលិសមួយចំហៀងក្រុង! ខឹងប្តីក្មេងមានស្រីថ្មី ប្រពន្ធវ័យចំណាស់ រត់ទៅប្តឹងនគរបាលថា ចោរលួចម៉ូតូ

March 20, 2019 157

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ខណៈស្ត្រីចំណាស់ម្នាក់ រត់ទៅប្តឹងនគរបាល  ខណ្ឌពោធិ៍សែនជ័យថា ចោរលួចម៉ូតូ ខណៈដែលម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS ផង កម្លាំងសមត្ថកិច្ច ឮថាចោរលួចម៉ូតូ ស្រែកតាមវិទ្យុទាក់ទង ផ្អើលកម្លាំងសមត្ថកិច្ចអស់មួយចំហៀងក្រុងភ្នំពេញ មានខណ្ឌពោធិ៍សែនជ័យ ដង្កោ អង្គស្នួល កណ្តាលស្ទឹង ប្រុងជើងការ ចាំស្ទាក់ បង្ក្រាបតែពេលឃាត់បាន គឺប្តីក្មេងរបស់គាត់យកម៉ូតូទៅឌុបស្រីថ្មីសោះ។

កាលពីវេលាម៉ោងខាងលើ ស្រ្តីចំណាស់ម្នាក់ រាយការណ៍តាមប្រព័ន្ធវិទ្យុក្នុងស្រុក ស្នើសុំឲ្យកម្លាំងប៉ូលិស ក្នុងរាជធានីភ្នំពេញ ជួយអន្តរាគមន៍ឃាត់ចាប់ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Hk-4937 ជិះសំដៅចូលរាជធានីភ្នំពេញ ហើយគ្រាន់តែបានទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រទះជួបឃើញម៉ូតូខាងលើ ត្រូវបានប្រុសក្មេងម្នាក់ជិះ ឆ្លងកាត់រត់ចូលទឹកដី ភូមិសាស្រ្តខណ្ឌដង្កោ ស្រែកតាមប្រព័ន្ធវិទ្យុទាក់ទង ទូទាំងក្រុងភ្នំពេញ ខេត្តកណ្តាល ជាប់ព្រំប្រទល់គ្នា ចាំឃ្លាំមើល ដោយម៉ូតូមានភ្ជាប់GPSផង រត់រហូតដល់ ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ដង្កោ ត្រូវបានកម្លាំងនគរបាលខណ្ឌ ដង្កោ លឿនដូចចិត្ត បង្ក្រាបចាប់ឃាត់បានទាំង ម៉ូតូ ទាំងមនុស្ស លុះដើមបណ្តឹង អ្នកស្រែក ទៅដល់ ទើបដឹងថា រឿងស្នេហាទៅវិញ។

ស្រ្តីចំណាស់ជាប្រពន្ធ ប្រាប់ដូចលាក់លៀម ថា ក្រោយពីប្តីចាស់ស្លាប់ទៅ គាត់បានយកប្តីក្មេងម្នាក់ខាងលើ មកស្អំបេះដូងបន្ត តែមិនបានដូចចិត្ត ប្តីក្មេងដឹងតែចាយលុយ ជិតមួយឆ្នាំហើយ ចុងក្រោយលួចមានស្រីថ្មី ចង់ស៊ីឡាក់ ស្រីចាស់ ដឹងរឿង ម៉ូតូទើបទិញឲ្យជិះថ្មីសន្លាង បែរជាយកទៅឌុបតែស្រីក្មេង ទុកស្រីចាស់ ធីបចោលនៅផ្ទះ ខឹងពេក នៅវេលាម៉ោងខាងលើ បន្ទាប់ពីលោកប្តីក្មេងយកម៉ូតូជិះគេចចេញមក ស្រែកប្តឹងប៉ូលិសឲ្យជួយឃាត់តែម្តង៕

Loading...