សម្ដេចក្រឡាហោម៖ ករណីគ្រឿងញៀន នៅ Rock មានប៉ូលិសចូលពាក់ព័ន្ធ ឥឡូវសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួន

March 20, 2019 82

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីគ្រឿងញៀនដែលបង្ក្រាបបាន នៅមជ្ឈមណ្ឌលកម្សាន្ដ Rock ក៏មានមន្ដ្រីនគរបាលពាក់ព័ន្ធនៅក្នុងនោះដែរ ហើយរហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែតាមរកចាប់ខ្លួន។

សម្ដេចក្រឡាហោម ស ខេង ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ មិនត្រូវស្ទាក់ស្ទើរចំពោះការតាមចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនោះឡើយ ពោលត្រូវតែចាប់ខ្លួនមកផ្ដន្ទាទោសទាំងអស់។

សម្ដេចក្រឡាហោម បានថ្លែងថា «សមត្ថកិច្ចត្រូវប្រឹងប្រែង ហើយសមត្ថកិច្ចមិនត្រូវពាក់ព័ន្ធក្នុងរឿងហ្នឹងដាច់ខាត (បញ្ហាគ្រឿងញៀន) នៅក្នុងចំណោមមុខសញ្ញានៅ Rock មានប៉ូលីសចូលពាក់ព័ន្ធនៅក្នុងហ្នឹង ដែលជាមុខសញ្ញាកំពុងតែតាមរកចាប់ខ្លួន ដូច្នេះយើងមិនត្រូវស្ទាក់ស្ទើរ ចំពោះបញ្ហានេះទេ គឺត្រូវបន្ដធ្វើទៀត»។

ក្នុងពិធីនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថា មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវតែស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នេះ ព្រោះ បញ្ហាគ្រឿងញៀនជារឿងក្ដៅកគុក ដែលទាំងអស់គ្នាកំពុងចូលទប់ស្កាត់។

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ក្នុងរយៈពេលជាង២ឆ្នាំនេះ កម្លាំងសមត្ថកិច្ចបានចាប់រឹបអូសនូវគ្រឿងញៀន បានប្រមាណជាង៥០០គីឡូក្រាម ប៉ុន្ដែចុងក្រោយនេះ បានបើកប្រតិបត្តិការដើម្បី បំផ្លាញទីតាំងចែកចាយ លក់ដូរ និងប្រើប្រាស់នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកម្សាន្ដ Rock ដែលបាន រឹបអូសគ្រឿងញៀនបន្ថែមទៀត បានប្រមាណជិត៥០គីឡូក្រាម។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចនាំខ្លួន និងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង បានចេញដីកាបង្គាប់ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ជាបណ្តោះអាសន្ន រង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។

ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ៕

Loading...