FBI ចូលរួមស៊ើបអង្កេតហើយ ពាក់ព័ន្ធការផ្តល់សិទ្ធិឲ្យ Boeing 737 MAX  ធ្វើប្រតិបត្តិការទាំងដែលវាអាចប្រឈមមុខនឹងបញ្ហា

March 21, 2019 59

វ៉ាស៊ីនតោន ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយថា ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI ត្រូវគេរាយការណ៍ថា បានចូលរួមក្នុងការស៊ើបអង្កេត ពាក់ព័ន្ធដំណើរការផ្តល់សិទ្ធិអនុញ្ញាតឲ្យយន្តហោះ 737 MAX 8 របស់ Boeing ហោះហើរ ក្រោយការធ្លាក់ពីករណីដ៏អាក្រក់ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ ដែលបានផ្តាច់ជីវិតមនុស្សសរុប ៣៤៦នាក់។

សេចក្តីរាយការណ៍នេះ បានកើតមានឡើង បន្ទាប់ពីក្រសួងដឹកជញ្ជូនអាមេរិក រៀបចំបើកការស៊ើបអង្កេតទៅលើរបៀបដែលអាជ្ញាធរអាកាសចរណ៍អាមេរិក FAA និងក្រុមហ៊ុន Boeing ផ្តល់សិទ្ធិអនុញ្ញាតហោះហើរសម្រាប់យន្តហោះ 737 MAX 8។ កាលពីប៉ុន្មានថ្ងៃមុន សារព័ត៌មាន Seattle Times ក៏បានចុះផ្សាយអត្ថបទមួយផងដែរ ដែលអះអាងថា កំហុសឆ្គងក្នុងប្រព័ន្ធគ្រប់គ្រងការហោះហើរ របស់ 737 MAX 8 ដែលត្រូវគេជឿថា មានទាក់ទងនឹងករណីធ្លាក់យន្តហោះនេះ ទាំងពីរលើកនោះ គឺបណ្តាលមកឲ្យការដែលថ្នាក់ដឹកនាំ FAA  បានជំរុញក្រុមវិស្វករផ្នែកសុវត្ថិភាព ផ្ទេរកិច្ចការវាយតម្លៃសុវត្ថិភាពឲ្យទៅ Boeing ផ្ទាល់ ហើយផ្តល់ការយល់ព្រមលើលទ្ធផលវិភាគឲ្យបានលឿន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Ethiopian Airlines  បានធ្លាក់នៅអេត្យូពី និងផ្ដាច់ជីវិតមនុស្សទាំងអស់ ១៥៧នាក់ ហើយវាគឺគ្រោះមហន្តរាយលើកទី២ ដែលមានជាប់ពាក់ព័ន្ធនឹងយន្ដហោះប្រភេទនេះ បន្ទាប់ពីការធ្លាក់នៅឥណ្ឌូណេស៊ី ដែលបានសម្លាប់មនុស្ស ១៨៩នាក់។ ម្យ៉ាងវិញទៀត បើតាមសេចក្ដីរាយការណ៍ជាច្រើនមកនេះ ការធ្លាក់យន្ដហោះទាំងពីរនេះ មានមូលហេតុស្រដៀងគ្នា ប៉ុន្តែគេត្រូវរង់ចាំលទ្ធផលផ្លូវការចេញពីក្រុមស៊ើបអង្កេតប្រអប់ខ្មៅ ទាំងពីររបស់អេត្យូពី ពីក្រុមអ្នកជំនាញនៅបារាំងជាមុនសិន៕

Loading...