លោក ដូណាល់ ត្រាំ ចេញបញ្ជាឲ្យលុបចោលកញ្ចប់ទណ្ឌកម្មថ្មី ព្រោះហេតុផលមួយគត់ គឺលោកចូលចិត្តលោក គីម ជុងអ៊ុន

March 23, 2019 64

វ៉ាស៊ីនតោន ៖ សារព័ត៌មាន Channel News Asia នៅព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ចេញផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នាថ្ងៃសុក្រ (ពេលវេលានៅអាមេរិក) បានឲ្យដឹងថា រូបលោកបានចេញបញ្ជាឲ្យលុបចោលកញ្ចប់ទណ្ឌកម្មថ្មី ដែលក្រសួងហិរញ្ញវត្ថុអាមេរិក ទើបបានប្រកាសដាក់ពាក់ព័ន្ធជាមួយកូរ៉េខាងជើងវិញហើយ។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ក្រសួងហិរញ្ញវត្ថុ បានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មី ដែលនឹងត្រូវដាក់បន្ថែមទៅលើប្រទេសកូរ៉េខាងជើង ប៉ុន្តែថ្ងៃនេះ ខ្ញុំក៏បានចេញបញ្ជាឲ្យដកកញ្ចប់ទណ្ឌកម្មថ្មីនេះចេញវិញផងដែរ»។ លោកត្រាំ ទំនងជាចង់សំដៅលើទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ទៅលើក្រុមហ៊ុនចិន ចំនួនពីរដែលរងការចោទប្រកាន់ថា បានជួយកូរ៉េខាងជើង គេចវេសពីទណ្ឌកម្មអន្តរជាតិ ដែលមានគោលដៅដាក់សម្ពាធទីក្រុងព្យុងយ៉ាងឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ជុំវិញការបង្ហោះសាររបស់លោក ត្រាំ អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បាននិយាយថា លោកត្រាំ ចូលចិត្តលោក គីម ហើយលោកគិតថា ការដាក់ទណ្ឌកម្មបន្ថែមបែបនេះ គឺជារឿងមិនចាំបាច់នោះឡើយ ប៉ុន្តែលោកស្រីពុំ បានបញ្ជាក់ច្បាស់ថា លោក ដូណាល់ ត្រាំ ចង់និយាយពីកញ្ចប់ទណ្ឌកម្មណាឲ្យប្រាកដឡើយ ដែលប្រការនេះ មិនបានបង្កឲ្យមានភាពប្រពេច ស្រពិលបន្តិច។

គួរជម្រាបថា ការប្រកាសពីទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកនៅថ្ងៃព្រហស្បតិ៍  គឺជាសញ្ញាថ្មីលើកដំបូង គិតចាប់តាំងតែពីកិច្ចប្រជុំ រវាងលោក ត្រាំ និងលោក គីម នៅហាណូយ បានបញ្ចប់ទៅដោយបាតដៃទទេកាលពីជិតមួយខែមុន។ នៅក្នុងកញ្ចប់ទណ្ឌកម្មថ្មីនោះបានចោទក្រុមហ៊ុនចិនចំនួនពីរថា បានលួចដឹកនាំប្រេងជាង៦០កប៉ាល់ ឲ្យទៅកូរ៉េខាងជើង និងដោះដូរមកវិញនូវធ្យូងថ្មជាដើម៕

 

Loading...